ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ប្រកាសដើរចេញពីក្រសួងយុត្តិធម៌ ប្រសិនបើកាត់ទោស ស្រី ស៊ីណា ជាប់ទោស ២ ឬ ៣ឆ្នាំ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានប្រកាសដើរចេញពីតំណែង ប្រសិនបើឧក្រិដ្ឋជន ស្រី ស៊ីណា មិនកាត់ទោស ឬដូចគេនិយាយថា «ជាប់ទោស ២ ឬ ៣ឆ្នាំហើយ ត្រូវដោះលែងវិញ»។

ករណីនេះ លោកឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ថា ឧក្រិដ្ឋជន ស្រី ស៊ីណា ត្រូវតែជាប់ពន្ធនាគារ ទៅតាមនីតិវិធីច្បាប់ជាធរមាន។

ការលើកឡើងបែបនេះ របស់លោកឧបនាយករដ្ឋមន្ត្រី បន្ទាប់ពីមានអ្នកវិភាគមួយក្ដាប់តូច បានលើកឡើងថា ការកាត់ទោស ស្រី ស៊ីណា ត្រឹមតែ ២ ឬ ៣ឆ្នាំប៉ុណ្ណោះ ហើយដោះលែងវិញ។

នាឱកាសអញ្ជើញធ្វេីសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានឆ្លើយតបវិញថា ជនល្មើស ស្រី ស៊ីណា ត្រូវតែជាប់គុកទៅតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសជាដាច់ខាត ដោយឧក្រិដ្ឋជនរូបនេះអាចនឹងជាប់គុកពី ២០ ទៅ ៣០ឆ្នាំ។

លោកឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ខ្ញុំ យកឱកាសនេះ ដើម្បីបញ្ជាក់ជូនដល់បងប្អូនអ្នកសារព័ត៌មាន ថា ប្រសិនបើបុគ្គលម្នាក់នេះ (ស្រី ស៊ីណា) មិនត្រូវបានកាត់ទោស ឬត្រូវបានកាត់ទោសដូចគេនិយាយថា ជាប់ ២ ឬ ៣ឆ្នាំ ចេញមកវិញ ខ្ញុំ អ្នកទទួលខុសត្រូវមុនគេ ហើយទទួលខុសត្រូវ គឺមានដើរចេញ ឈប់ធ្វើការងារផ្នែកច្បាប់»។

សូមរំលឹកថា នៅរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ មានករណីឃាតកម្មបាញ់ ប្រហារដ៏រន្ធត់មួយនេះ បង្កឡើងដោយខ្មាន់កាំភ្លើងឈ្មោះ ស្រី ស៊ីណា បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង ២នាក់ផ្សេងទៀតរងរបួស។ ការស្លាប់របស់ជនរងគ្រោះទាំង ២នាក់គូដណ្ដឹង ដែលត្រៀមចូលរោងការ នៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ បានបន្សល់នូវភាពសោកសៅយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។

មានសាធារណៈមតិមួយចំនួនបា នសម្ដែងការខឹងសម្បារ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរទៅលើឃាតករឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តដ៏សាហាវបែបនេះ រហូតចង់ឱ្យតុលាការដាក់ទោសមួយជីវិត ឬអាចឈានទៅទោសប្រហារជីវិតចំពោះជនល្មើសទៀតផង។ ប៉ុន្តែមិនអាចទៅរួចឡើយចំពោះការចង់បាននេះ ព្រោះអ្វីៗត្រូវសំអាងទៅតាមខ្លឹមសារច្បាប់ជាធរមាន៕

To Top