ភ្នំពេញ ៖ មានករណី រថយន្តស្ទួចមួយគ្រឿង បានស្ទួចដែកប៉ារ៉ាស កាត់ទទឹងផ្លូវ ដើម្បីហាមឃាត់រថយន្តធំចូល ខណៈជាងកំពុងផ្សារដែក ក៏ស្រាប់តែបាក់ធ្លាក់ ចំក្បាលបុរសចំណាស់ម្នាក់ ដែលកំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម នៅវេលាម៉ោងជាង១០និង២០នាទី ព្រឹកថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០១៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ប៉ារ៉ាសនេះមានសភាពទ្រុតទ្រោម ហើយក៏ត្រូវរថយន្តស្ទួច ស្ទួចដើម្បីជួសជុលឡើងវិញ ខណៈជាងកំពុងផ្សារដែក ក៏ស្រាប់តែបាក់ធ្លាក់ ស្របពេលជនរងគ្រោះ មានវ័យជាង៦០ឆ្នាំ ជិះម៉ូតូម៉ាក ធូដេ ពាក់ស្លាកលេខភ្នំពេញ 1DA-2427 ត្រូវ ចំក្បាលស្លាប់តែម្តង ។ ភ្លាមនោះ រថយន្តបង្ក បានបើចេញពីកន្លែងកើតហេតុ ទៅបាត់តែម្តង ។
នគរបាលផ្នែកព្រហ្មទណ្ឌ ខណ្ឌបឹងកេងកង បានអោយដឹងថា ក្នុងករណីធ្លាក់ដែក បណ្តាលអោយស្លាប់មនុស្សនេះ សមត្ថកិច្ចបានឃាត់បុរសម្នាក់ ឈ្មោះ ញ៉ែម គឿន អាយុ ៣៥ឆ្នាំ មុខរបរបើក រថយន្តអោយក្រុមហ៊ុនអេមហ្វូត ស្នាក់នៅផ្ទះគ្មានលេខ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ បច្ចុប្បន្នធ្វើការសាកសួរនាំ និងបញ្ជូលទៅអធិការដ្ឋាន ខណ្ឌបឹងកេងកង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ហៅជាផ្សារដែក ជាប្អូនមកផ្សារខ្វះបច្ចេកទេសធ្លាក់ដែក សង្កត់ជនរងគ្រោះ បណ្ដោលអោយស្លាប់ ៕