ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំទិវាជាតិ សហគ្រាសធុនមីក្រូតូច និង មធ្យម លើកទី១ ក្រោមប្រធានបទ៖ “ពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីកំណើនកាន់តែប្រសើរ”។
ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអបអរសាទរការរួមចំណែកដ៏សំខាន់ របស់សហគ្រាសធុនមីក្រូ តូច និងមធ្យមដល់សេដ្ឋកិច្ចជាតិ និងជំរុញបរិយាកាស នវានុវត្តន៍ និរន្តរភាព និង កំណើនប្រកបដោយបរិយាប័ន្ន ។
ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ រួមមានសកម្មភាពជាច្រើន ដូចជាការតាំងពិព័រណ៍ផលិតផល ការកសាងទំនាក់ទំនងធុរកិច្ច និងកិច្ចពិភាក្សាជាដើម។ កម្មវិធីនេះមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីអ្នករៀបចំគោលនយោបាយ សហគ្រិន អ្នកដឹកនាំអាជីវកម្ម ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធមកពីទូទាំងប្រទេស ដើម្បីចែករំលែកការយល់ដឹង ផ្លាស់ប្តូរគំនិត និងស្វែងរកឱកាសសម្រាប់កិច្ចសហការ និងការរីកចម្រើន។
រាជរដ្ឋាភិបាល កម្ពុជា បានកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលបង្ហាញ ពីការប្តេជ្ញាចិត្ត របស់កម្ពុជា ក្នុងការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។ ការកំណត់នេះក៏ស្រប តាមផែនការសកម្មភាពយុទ្ធសាស្ត្រ អាស៊ានសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០១៦-២០២៥ ផងដែរ។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពដល់ការ អភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈប្រព័ន្ធអេកូឡូស៊ីដ៏ទូលំទូលាយ ដោយផ្តល់ការគាំទ្រលើវិស័យសំខាន់ៗដូចជា ការបង្កើតគោលនយោបាយ ការពង្រឹង លទ្ធភាពទទួលហិរញ្ញប្បទាន ការលើកកម្ពស់សហគ្រិនភាព ការចាប់យកបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញ ការលើកកម្ពស់ស្តង់ដារ ផលិតផល និងការបង្កភាពងាយស្រួលក្នុងការធ្វើអាជីវកម្មជាដើម។
លោករដ្ឋមន្ត្រីបន្តថា “យើងទទួលស្គាល់តួនាទីដ៏សំខាន់ របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងបណ្តុះនវានុវត្តន៍។ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១នេះ ជាឱកាសមួយដើម្បីបង្ហាញពីសមិទ្ធផលរបស់សហគ្រិនកម្ពុជា និងផ្តល់ជូនពួកគាត់នូវព័ត៌មាន ឧបករណ៍ និងធនធានចាំបាច់ ដើម្បីពួកគាត់អាចរីកចម្រើននៅក្នុងទីផ្សារក្នុងស្រុក តំបន់ និងពិភពលោកដែលកាន់តែមានការប្រកួតប្រជែងខ្លាំង” ។
បច្ចុប្បន្ន នៅលើពិភពលោក សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០% នៃមូលដ្ឋានផលិតកម្មអាជីវកម្មសរុប, ផ្តល់ការងារពី ៦០% ទៅ ៧០% និងរួមចំណែក ៥០% នៃផលិតផលក្នុងស្រុកសរុប ។ នៅក្នុងតំបន់អាស៊ាន សហគ្រាសធុនមីក្រូ តូច និងមធ្យម មានចំនួនពី ៩៧,២% ទៅ ៩៩,៩% នៃអាជីវកម្មទាំងអស់ និងរួមចំណែក ៤៤,៨% នៃផលិតផលក្នុងស្រុក សរុបរបស់ប្រទេសជាសមាជិកអាស៊ាន។
យោងតាមជំរឿនឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុប ២,៩៨០,៥៦៩ នាក់ ក្នុងនោះស្រ្តីមាន១,៨៤១,៣៦២នាក់។ វិស័យនេះរួមចំណែក ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារជាង ៧០% ដោយទាន់មិនរាប់បញ្ចូលវិស័យកសិកម្ម។
ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយដៃគូនានា មានដូចជា GIZ, CAPRED, UNIDO, សហគ្រិនខ្មែរ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសមាគមធុរកិច្ចផ្សេងៗ ៕