បរទេស៖ ទីប្រឹក្សាហិរញ្ញវត្ថុដែលមាន មូលដ្ឋាននៅទីក្រុងហុងកុង Angelo Giuliano បានប្រាប់ RT ថា ផែនការរបស់សហភាពអឺរ៉ុបក្នុងការ ទាញយកប្រាក់ចំណេញពីទ្រព្យសម្បត្តិ របស់រុស្ស៊ីដែលបានបង្កក ដើម្បីទិញអាវុធសម្រាប់អ៊ុយក្រែន គឺកំពុងផ្តល់អត្ថប្រយោជន៍ដល់ ក្រុមហ៊ុនផលិតអាវុធលោកខាងលិច និងមិនមែនប្រជាជន នៃប្រទេសអ៊ុយក្រែននោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងប្រ៊ុចសែល មានបំណងចំណាយប្រាក់ប្រមាណ ១,៥ពាន់លានដុល្លារ ដែលបង្កើតដោយទ្រព្យសម្បត្តិជាតិរបស់រុស្ស៊ី ដើម្បីទិញសម្ភារៈយោធា និងគ្រាប់បែកសម្រាប់ឱ្យទីក្រុងគៀវ និងជំរុញឧស្សាហកម្មការពារជាតិអ៊ុយក្រែន។ នេះបើតាមប្រធានគោលនយោបាយការបរទេស លោក Josep Borrell បានប្រកាសកាលពីថ្ងៃចន្ទ។ លោក Josep Borrell បាននិយាយថា គោលដៅគឺធ្វើដូច្នេះ «ក្នុងលក្ខណៈដែលអាចធ្វើទៅបានលឿនបំផុត ដើម្បីជាប្រយោជន៍ដល់អ៊ុយក្រែន»។
លោក Giuliano បានឆ្លើយតបនៅក្នុង បទសម្ភាសន៍មួយកាលពីថ្ងៃអង្គារថា “វាមិនមែនសម្រាប់ជាប្រយោជន៍អ៊ុយក្រែនទេ គឺដើម្បីសុខុមាលភាពអ៊ុយក្រែន ក្នុងការកសាងឡើងវិញ។ វាគឺសម្រាប់ប្រាក់ចំណេញនៃ បរិវេណឧស្សាហកម្មយោធា ដែលចង់បន្តសង្គ្រាមនេះ”
លោកជឿថា ជម្លោះទាំងមូលគឺមិនមាន ច្រើនចំពោះអ៊ុយក្រែនទេ ព្រោះវាគឺអំពីការព្យាយាមធ្វើឱ្យមានការប៉ះពាល់ និងមានសក្តានុពលដល់ប្រទេសរុស្ស៊ី ជាអ្វីដែលឥស្សរជនសកលនិយមចង់បាន។ លោកបានបន្តថា ការដាក់ចូលក្នុងហោប៉ៅរបស់អ្នកផលិតអាវុធ គឺជាអត្ថប្រយោជន៍បន្ថែម។
អ្នកជំនាញរូបនេះបន្ថែមថា ក្នុងន័យមួយ ការបដិសេធរបស់ប្រទេសលោកខាងលិច ក្នុងការសងប្រាក់ដែលរុស្ស៊ីឱ្យខ្ចី តាមរយៈការទិញមូលបត្របំណុលរបស់ពួកគេ គឺជាការសងបំណុលខុស។ នេះធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់ ផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងរយៈពេលវែង និងធ្វើឱ្យម្ចាស់បំណុលបរទេសមិនសប្បាយចិត្ត ៕
ប្រែសម្រួលៈ ណៃ តុលា