ព័ត៌មានជាតិ

ថៃ បន្តធានាអះអាងមិនអនុញ្ញាតឱ្យ ជនអមិត្តណាប្រើប្រាស់ ទឹកដីរបស់ខ្លួន ធ្វើសកម្មភាពប្រឆាំងនឹង រដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ លោក Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ បានបន្តធានាអះអាងថា មិនអនុញ្ញាតឱ្យជនអមិត្តណាប្រើប្រាស់ ទឹកដីរបស់ខ្លួន ធ្វើសកម្មភាពប្រឆាំងនឹង រដ្ឋាភិបាលកម្ពុជា។

ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក Maris SANGIAMPONGSA បានជម្រាបជូនសម្ដេចតេជោថា លោកបានទទួលការណែនាំ ពីរាជរដ្ឋាភិបាលថៃ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ត្រូវខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីពង្រឹងពង្រីកទំនាក់ទំនង ដែលមានស្រាប់រវាងប្រទេសទាំងពីរ ហើយនិងប្តេជ្ញាឱ្យទំនាក់ទំនងនេះ កាន់តែរឹងមាំស៊ីជម្រៅលើគ្រប់វិស័យ។

លោកបានជម្រាបជូនសម្តេចតេជោ នូវលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងជំនួបសម្ដែងការគួរសមជាមួយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហើយក្នុងជំនួបនោះលោកក៏បានពាំនាំនូវ ការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់នាយករដ្ឋមន្ត្រីថៃ ជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ និងពីការធានាអះអាងថា មិនអនុញ្ញាតឱ្យជនអមិត្តណាប្រើប្រាស់ ទឹកដីថៃ ធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជានោះទេ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះ គោលជំហររដ្ឋាភិបាលថៃ ដែលបញ្ជាក់អះអាងមិនអនុញ្ញាតឱ្យ មានអមិត្តណាមួយ យកទឹកដីថៃ ធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា។ សម្ដេចចាត់ទុកថានេះជាបញ្ហាសំខាន់ សម្រាប់សន្តិសុខកម្ពុជាផង ថៃផង និងវៀតណាម ផងដែរ។

សម្ដេចតេជោបន្តថា ប្រទេសកម្ពុជា ក៏បានសន្យាជាមួយប្រទេសដទៃ មិនអនុញ្ញាតឱ្យប្រទេសឬក្រុមអមិត្ត ណាយកទឹកដីរបស់ខ្លួន​ (កម្ពុជា) ប្រឆាំងនឹងប្រទេសផ្សេងនោះដែរ៕

To Top