ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រកាសបញ្ចូលសមាជិកគណបក្ស ភ.ព ២១ និងភ.ព ២២ នៅមន្ទីរបក្សរាជធានី ចំនួន ៥០១រូប ដែលសម្រេចចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។
ក្នុងឱកាសនេះ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា ពិធីប្រកាសសាខាគណបក្ស និងបញ្ចូលសមាជិកគណបក្ស ភ.ព ២១ និងភ.ព ២២ គឺចំពេលដែលគណបក្សប្រជាជនកម្ពុជា បានប្រារព្វពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដើម្បីប្រជាជន។
លោកបានបន្តថា គណបក្សប្រជាជនកម្ពុជា មានប្រវត្តិស្នាដៃយ៉ាងច្រើនសម្រាប់ជាតិ មាតុភូមិ ដោយបានរំដោះជាតិ សង្រោះជីវិតប្រជាពលរដ្ឋអោយរួចផុត ពីសេចក្តីស្លាប់ក្នុងរបបប៉ុល ពត និងការរាតត្បាតពីជម្ងឺកូវីដ-១៩ បានអភិវឌ្ឍន៍ប្រទេសជាតិអោយមានការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ជាមួយនឹងការរក្សាបាននូវសុខ សន្តិភាពពេញលើផ្ទៃប្រទេស។
លោក ឃួង ស្រេង បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន លើកលែងទោស អោយគ្រប់គណបក្សផ្សេងៗទាំងអស់ ទោះបីកន្លងមកធ្លាប់ជេរ ប្រមាថសម្តេចយ៉ាងណាក៏ដោយ តែសម្តេចពិតជាមិនអាចលើកលែងទោស ជាដាច់ខាត ចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ឡើយ។
លោក ឃួង ស្រេង បានបន្តទៀតថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាថ្នាក់ដឹកនាំប្រកបដោយ ចំណេះដឹងដ៏ខ្ពង់ខ្ពស់ បន្តពីសម្តេចតេជោ ហ៊ុន សែន ដែលនឹងអាចអភិវឌ្ឍន៍ប្រទេស អោយសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ ដូច្នេះ សូមចូលរួមទាំងអស់គ្នា ដើម្បីអោយកម្ពុជាឈានឆ្ពោះទៅ សម្រេចបាននូវគោលដៅនេះ។
លោក ឃួង ស្រេង ក៏បានសូមអោយគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ អោយក្លាយជាចលនាឯកភាពជាតិតែមួយ ដោយគម្រោង “ព្រែកជីកហ្វូណនតេជោ” មិនមែនជាទ្រព្យសម្បត្តិរបស់នរណាម្នាក់នោះទេ តែជាទ្រព្យរបស់ជាតិ និងប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា ។”ព្រែកជីកហ្វូណនតេជោ”ជាទ្រសម្បត្តិមហាសាលសំរាប់កម្ពុជា ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី០៥ សីហាឆ្នាំ២០២៤ ខាងមុខនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា សម្រាប់ សមាជិក សមាជិកាបក្សក៏ដូចប្រជាពលរដ្ឋទាំងអស់ បើខ្វះស្បៀងអាចទៅរកបាននៅទីស្នាក់ការបក្ស ខណ្ឌ សង្កាត់ ដោយគណបក្សប្រជាជនកម្ពុជាមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ ។
គួរបញ្ជាក់ថា ពិធីប្រកាសសាខាគណបក្ស និងបញ្ចូលសមាជិកគណបក្ស ភ.ព ២១ និងភ.ព ២២ ខាងលើនេះ មានចំនួន៥៣០រូប ដែលមានទាំងសមាជិកថ្មី និងសមាជិកចាស់ ដែលបានសម្រេចចិត្ត ចូលមករួមរស់ជាមួយគណបក្សប្រជាជន នៅពេលនេះ៕