ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ សាងសង់ផ្ទះ សម្រាប់ជនភៀសខ្លួន ប៉ាឡេស្ទីន

Sputnik

បរទេស៖ មេដឹកនាំតំបន់ លោក Ramzan Kadyrov បានប្រកាសថា ជនជាតិប៉ាឡេស្ទីនជាង ២០០នាក់ ដែលបានភៀសខ្លួនចេញពីតំបន់ហ្គាហ្សា ត្រូវបានគេផ្តល់ឱ្យនូវអាផាតមិន នៅក្នុងសង្កាត់ Grozny ដែលទើបនឹងសាងសង់ថ្មី ដែលជារដ្ឋធានីនៃសាធារណរដ្ឋ Chechen ដែលមានប្រជាជនមូស្លីមភាគច្រើនរបស់រុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា មូលនិធិដែលគ្រប់គ្រងដោយម្តាយរបស់ Kadyrov Aymani បានចាត់ចែងសាងសង់អគារអាផាតមិនចំនួនប្រាំ ដើម្បីសម្រាប់ការស្នាក់នៅជាអចិន្ត្រៃយ៍ សម្រាប់ជនភៀសខ្លួនដែល ត្រូវបានស្វាគមន៍មកកាន់តំបន់រុស្ស៊ី កាលពីខែវិច្ឆិកាឆ្នាំមុន។

Kadyrov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រថា “សូមអបអរសាទរដល់បងប្អូនប៉ាឡេស្ទីន ក្នុងការស្វែងរកលំនៅដ្ឋានថ្មី ប្រកបដោយផាសុកភាព! ខ្ញុំ​សូម​ជូនពរ​ពួកគេ​កុំ​ឲ្យ​ជួប​សង្គ្រាម​ម្តង​ទៀត​ ហើយឲ្យ​បាន​រស់​នៅ​ដោយបរិបូរណ៍ និង​រីកចម្រើន!”។

លោក Kadyrov បាននិយាយថា ជនភៀសខ្លួនដែលដំបូងឡើយ ត្រូវបានគេដាក់នៅរមណីយដ្ឋានកុមារ Gorny Klyuch ភាគអាគ្នេយ៍នៃទីក្រុង Grozny ឥឡូវនេះនឹងផ្លាស់ប្តូរទៅជា “សហគមន៍លំនៅស្ថាន” នៅក្នុងស្រុក Visaitovsky នៃរដ្ឋធានី Chechen ដែលមនុស្ស ២០៩នាក់នឹងរស់នៅក្នុងអាផាតមិនថ្មីចំនួន ៤០ ។

យោងតាមប្រធាន Chechen , ការសាងសង់អគារនេះ ចំណាយពេលប្រហែលប្រាំមួយខែ។ ក្នុងអំឡុងពេលនេះ ប្រជាជនប៉ាឡេស្ទីនចំនួន ៥៥ នាក់បានស្វែងរកការងារធ្វើ ខណៈដែលកូនៗ និងក្មេងជំទង់របស់ពួកគេ ត្រូវបានគេដាក់នៅក្នុងសាលារៀន និងសាកលវិទ្យាល័យ។ ពួកគេទាំងអស់បានសិក្សាភាសារុស្ស៊ី ៕

ប្រែសម្រួលៈ ណៃ តុលា

To Top