ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ថ្កោលទោសការ ធ្វើឱ្យស្របច្បាប់ របស់អ៊ីស្រាអែល ចំពោះទីតាំង ទីលំនៅចំនួន ៥ នៅតំបន់ West Bank

AFP

រ៉ាម៉ាឡា ៖ ក្រសួងការបរទេសប៉ាឡេស្ទីន បានថ្កោលទោសការផ្លាស់ប្តូរ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ក្នុងការធ្វើឱ្យស្របច្បាប់ នូវការតាំងទីលំនៅចំនួន ៥ នៅតំបន់ West Bank និងជំរុញផែនការ សាងសង់យូនីតថ្មី រាប់ពាន់នៅទូទាំងទឹកដី ដែលខ្លួនកាន់កាប់ ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួន “មើលឃើញដោយភាពធ្ងន់ធ្ងរបំផុត ដែលរដ្ឋាភិបាលអ៊ីស្រាអែល បន្តប្រព្រឹត្តបទឧក្រិដ្ឋ នៃការពង្រីកការតាំងទីលំនៅ ដោយមានគោលបំណងបិទទ្វារ ចំពោះឱកាសណាមួយក្នុង ការបង្កើតរដ្ឋប៉ាឡេស្ទីន” ។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ទទួលខុសត្រូវ ចំពោះលទ្ធផលនៃការពង្រីកការតាំងទីលំនៅ និងផលប៉ះពាល់ដ៏គ្រោះថ្នាក់ របស់វានៅលើឆាកជម្លោះ និងតំបន់ទាំងមូល។

ប៉ាឡេស្ទីនបានអំពាវនាវឱ្យមានអន្តរាគមន៍អន្តរជាតិ ធ្វើយ៉ាងណាបញ្ឈប់ “សកម្មភាពឯកតោភាគី និងខុសច្បាប់របស់រដ្ឋាភិបាលអ៊ីស្រាអែល និងដាក់សម្ពាធពិតប្រាកដលើប្រទេសនេះឱ្យបញ្ឈប់សកម្មភាព ចូលរួមដោះស្រាយ និងចុះចូលនឹងឆន្ទៈអន្តរជាតិ ដើម្បីសន្តិភាព” ។

កាលពីថ្ងៃព្រហស្បតិ៍ គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល បានអនុម័តផែនការ របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ Bezalel Smotrich ក្នុងការដោះស្រាយការ ទទួលស្គាល់របស់ប្រទេសមួយចំនួន អំពីរដ្ឋប៉ាឡេស្ទីន និងវិធានការដែលបានធ្វើឡើង ប្រឆាំងនឹងអ៊ីស្រាអែល នៅក្នុងតុលាការអន្តរជាតិ នេះបើយោងតាមទូរទស្សន៍រដ្ឋ របស់អ៊ីស្រាអែល ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top