បរទេស ៖ រូបភាពផ្កាយរណបថ្មីនៃប្រទេសគុយបា បង្ហាញសញ្ញាថា ប្រទេសនេះ កំពុងដំឡើងសមត្ថភាពស៊ើបការណ៍ កាន់តែប្រសើរឡើង នៅមូលដ្ឋានយោធាចំនួនបួន ជាមួយនឹងការសង្ស័យថា មានទំនាក់ទំនងទៅនឹងប្រទេសចិន ដែលអាចផ្តល់ឱ្យទីក្រុងប៉េកាំង នូវបណ្តាញឧបករណ៍ ដែលអាចត្រូវបានប្រើ ដើម្បីធ្វើចារកម្មលើសហរដ្ឋអាមេរិក ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា រូបភាពដែលបានបង្ហាញ នៅក្នុងរបាយការណ៍មួយ កាលពីថ្ងៃអង្គារដោយមជ្ឈមណ្ឌល សម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេថតនៅខែមីនា និងខែមេសា។ វាបានបង្ហាញពីការសាងសង់ថ្មី ឬថ្មីៗនៅកន្លែង ចំនួនបីនៅជិតរដ្ឋធានី ហាវ៉ាណា ប្រទេសគុយបា ក៏ដូចជាការងារនៅលើទីតាំង ដែលមិនបានរាយការណ៍ពីមុន ដែលនៅមិនឆ្ងាយពីមូលដ្ឋានទ័ពជើងទឹក សហរដ្ឋអាមេរិកនៅឯឈូងសមុទ្រ Guantanamo ។
របាយការណ៍បានបន្តថា «បើគ្មានការចូល ប្រើប្រាស់សម្ភារៈចាត់ថ្នាក់ឬ សម្ងាត់នោះទេ ការកំណត់គោលដៅជាក់លាក់ នៃទ្រព្យសកម្មទាំងនេះគឺ ស្ទើរតែមិនអាចទៅរួចនោះទេ»។ “ទោះជាយ៉ាងនេះក្តី ការរីកចម្រើននៃបរិក្ខាត្រួតពិនិត្យលំហអាកាសនៅកន្លែងនានាដូចជា Bejucal និង Calabazar គឺគួរអោយកត់សំគាល់ដោយសារគុយបា ខ្វះផ្កាយរណប ឬកម្មវិធីអវកាសផ្ទាល់ខ្លួន។”
Bejucal គឺជាទីតាំងដ៏ធំបំផុតក្នុង ចំណោមទីតាំងទាំង ៤ នេះបើយោងតាមអ្នកវិភាគ CSIS ហើយបានលេចមុខជាលើកដំបូង ក្នុងកំឡុងវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ នៅពេល ដែលមូលដ្ឋាននេះ ត្រូវបានប្រើដើម្បីរក្សាទុកអាវុធនុយក្លេអ៊ែរសម្រាប់សហភាពសូវៀត។ ថ្មីៗនេះ វាទទួលបានភាពល្បីល្បាញជាស្ថានីយ៍ត្រួតពិនិត្យ ការស៊ើបការណ៍សម្ងាត់ដ៏សំខាន់មួយ ដែលសង្ស័យថា កំពុងតាមដានទំនាក់ទំនងអេឡិចត្រូនិក សម្រាប់ប្រទេសចិន៕
ប្រែសម្រួលៈ ណៃ តុលា