ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបេឡារុស្ស ថា លោកខាងលិច ចង់អូសប្រទេសបេឡារុស្ស ចូលទៅ ក្នុងជម្លោះយោធា

រូបភាពពី៖​ Sputnik

បរទេស៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយថា ប្រទេសលោកខាងលិច “មិនអាចរង់ចាំ” ដើម្បីអូសបេឡារុស ចូលទៅក្នុង “ជម្លោះយោធា” របស់ពួកគេ ដោយលោកបានធ្វើអត្ថាធិប្បាយលើរបាយការណ៍ថ្មីៗអំពីកងកម្លាំងអ៊ុយក្រែន និងណាតូ ដែលប្រមូលផ្តុំគ្នានៅតាមព្រំដែននៃប្រទេស ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Lukashenko បាន​ធ្វើ​ការ​កត់​សម្គាល់​ក្នុង​អំឡុង​ពេល​ជួប​ជាមួយ​សមាជិក​សភា​កំពូល​របស់​រុស្ស៊ី លោក Vyacheslav Volodin។ ប្រធាន​សភា​ជាន់​ទាប​នៃ​សភា​រុស្ស៊ី​ គឺកំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង Minsk ប្រទេសបេឡារុស្ស សម្រាប់​ការ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​បេឡារុស្ស​នៅ​ថ្ងៃ​ទី ៣ ខែ​កក្កដា។

លោក Lukashenko បាននិយាយ ហើយត្រូវបានទីភ្នាក់ងារសារព័ត៌មាន BELTA ដកស្រង់សម្តីថា “ខ្ញុំគិតថាអ្នក… ឃើញអ្វីដែលកំពុងកើតឡើងនៅជុំវិញប្រទេសបេឡារុស្ស។ ពួកគេមិនអាចរង់ចាំដើម្បីអូសយើងចូលទៅក្នុងជម្លោះយោធារបស់ពួកគេ។ [ពួកគេកំពុងធ្វើវា] ដើម្បីធ្វើឱ្យយើងលាតសន្ធឹងកម្លាំងរបស់យើងនៅតាមព្រំដែន ដើម្បីធ្វើឱ្យយើងមិនអាចអត់ធ្មត់បាន និងធ្វើឱ្យស្ថានការណ៍កាន់តែកើនឡើងដល់ចំណុចដែលពិភពលោកទាំងមូលនឹងញ័រ” ។

កាលពីចុងសប្តាហ៍កន្លងទៅ ក្រសួងការពារជាតិបេឡារុស្សបានចេញសេចក្តីថ្លែងការណ៍ជាច្រើនដោយអះអាងថា ប្រទេសអ៊ុយក្រែន និងអង្គការណាតូ កំពុងប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនរបស់ប្រទេសបេឡារុស្ស។ បេឡារុស្ស មានព្រំប្រទល់ជាប់សមាជិកណាតូ រួមមាន ប្រទេស ឡាតវី លីទុយអានី និងប៉ូឡូញ ព្រមទាំងអ៊ុយក្រែន និងរុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា

To Top