ភ្នំពេញ ៖ មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានចេញមកបញ្ជាក់ថា ពិតជាមានករណីបុគ្គលិកឆ្មបម្នាក់ ធ្វើការនៅមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ដែលបានព្យាបាលស្ត្រីម្នាក់យកលុយ៣០ម៉ឺនរៀល ទោះបីជាដឹងថា មានប័ណ្ណមូលនីធិសមធម៌សុខាភិបាលក៏ដោយ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម នាថ្ងៃទី៤ កក្កដានេះបានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹង ពីអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម (Facebook) ចំពោះបុគ្គលិកឆ្មបម្នាក់ដែលធ្វើការនៅមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ បានយកលុយចំនួន៣០ម៉ឺនរៀល ពីស្ត្រីអ្នកជំងឺម្នាក់មកប្រើប្រាស់សេវាសុខាភិបាល ទោះបីជាមានប័ណ្ណ មូលនិធិសមធម៌សុខាភិបាលក៏ដោយ ក្រុមការងារមន្ទីរសុខាភិបាលខេត្ត បានចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះភ្លាមៗ។
បន្ទាប់ពីចុះពិនិត្យស្រាវជ្រាវ ករណីនេះបានកើតឡើងពិតប្រាកដមែន ដោយកាលពីថ្ងៃទី២៧ មិថុនា មានស្ត្រីឈ្មោះ ញ៉ែម សុខនាត អាយុ ៣០ ឆ្នាំ បានចូលសម្រាក នៅមន្ទីរពេទ្យបង្អែកស្ទឹងត្រង់ផ្នែកសម្ភព-រោគស្ត្រី ដោយសារទារកស្លាប់ក្នុងពោះ (អាយុ១២សប្តាហ៍) តាមរយៈពិនិត្យអេកូនៅកន្លែងឯកជន និងមានធ្លាក់ឈាមតាមទ្វារមាស ។ បន្ទាប់មកបុគ្គលិកឆ្មបបានរៀបចំព្យាបាលទៅតាមបច្ចេកទេស ។
លិខិតបញ្ជាក់ថា “បុគ្គលិកឆ្មបដែលបានព្យាបាលស្ត្រីមានឈ្មោះខាងលើ ពិតជាបានយកលុយប្រាកដមែន ទោះបីដឹងថា គាត់មានប័ណ្ណមូលនីធិសមធម៌សុខាភិបាលក៏ដោយ” ។
ក្នុងនោះដែរ មន្ទីរសុខាភិបាលខេត្ត បានធ្វើការណែនាំកែលម្អដល់បុគ្គលិកឆ្មប ដែលប្រព្រឹត្តកំហុស ព្រមទាំងទទួលអនុវត្តវិធានការវិន័យផ្សេងៗទៀត តាមក្រុមប្រឹក្សាវិន័យដើម្បីរៀនសូត្រ និងកែប្រែខ្លួនឲ្យបានល្អ ស្របតាម ក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ៕