ព័ត៌មានជាតិ

UN៖ កម្ពុជា គឺជាគំរូដ៏ល្អ ក្រោយប្តូរប្រទេស ពីរងគ្រោះដោយសង្គ្រាម ទៅជាប្រទេស ចូលរួមចំណែកបញ្ជូន កងកម្លាំងរក្សាសន្តិភាព

រូបភាព៖​ Page នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ លោក Jean Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិ(UN) ទទួលបន្ទុកផ្នែករក្សាសន្តិភាព បានគូសបញ្ជាក់ថា ជោគជ័យរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព គឺជាគំរូដ៏ល្អ ។

ការលេីកឡេីងរបស់អគ្គលេខាធិការរងUNខាងលេីនេះ ធ្វេីឡេីងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាថ្ងៃទី៥ កក្កដានេះ ។

ក្នុងជំនួបនេះ លោកអគ្គលេខាធិការរង បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមចំណែក និងការគាំទ្រដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មថែរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ លោកក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសចូលរួមចំណែក ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីចូលរួមធានានូវសុខសន្តិសុខ និងសុវត្ថិភាព ដល់បណ្ដាប្រទេសដទៃទៀត ដែលការណ៍នេះគឺជាគំរូដ៏ល្អមួយសម្រាប់ បណ្ដាប្រទេសផ្សេងទៀតជុំវិញពិភពលោក។

លោកក៏បានបន្តទៀតថា ភាពជោគជ័យនេះក៏ទទួលបានផងដែរ នូវការសាទរ និងការគាំទ្រពីបណ្ដាប្រទេសនានាជាច្រើន។ ជាមួយគ្នានេះ លោកអគ្គលេខាធិការរង ក៏បានកោតសរសើរជាពិសេស ចំពោះកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលបានអនុវត្តការងារយ៉ាងសកម្ម និងប្រកបដោយវិន័យខ្ពស់ ។

លោកអគ្គលេខាធិការរង ក៏បានគោរពជម្រាបជូនសម្ដេចធិបតី ផងដែរថា អង្គការសហប្រជាជាតិ បន្តការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើកិច្ចសហប្រតិបត្តិការ បញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីចូលរួមជាមួយបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសដែលកំពុងមានជម្លោះ និងអសន្តិសុខ។ ព្រមជាមួយគ្នានេះ លោកអគ្គលេខាធិការរង ក៏បានគូសបញ្ជាក់ អំពីការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកាឆ្នាំ២០២៤ខាងមុខ។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការសហប្រជាជាតិ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តចូលរួមចំណែក ជាមួយនឹងអង្គការសហប្រជាជាតិ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខ ដល់បណ្ដាប្រទេសដែលកំពុងតែប្រឈមនឹងជម្លោះ និងអសន្តិសុខ ក៏ដូចជាការចូលរួមចំណែកក្នុងការកិច្ចការមនុស្សធម៌ផងដែរ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលតែងតែផ្ដល់នូវការចិត្តទុកដាក់ និងការគាំទ្រដល់សុវត្ថិភាព ក៏ដូចជាសន្តិសុខរបស់កងកម្លាំងរក្សាសន្តិភាព របស់កម្ពុជា នៅតាមបណ្ដាប្រទេសនានា។

ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ អំពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តបញ្ជូន កងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសផ្សេងៗ។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ ក្នុងការបោសសម្អាតមីន ហើយមកដល់ពេលបច្ចុប្បន្ននេះខេត្តចំនួន ១៥ របស់កម្ពុជា ត្រូវបានប្រកាសជាផ្លូវការថាជាខេត្តដែលគ្មានមីន ហើយរាជរដ្ឋាភិបាលនឹងបន្តការខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីន ព្រោះថាបញ្ហាបន្សល់ទុកពីសង្រ្គាមនេះគឺជាបញ្ហាប្រឈម ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ននេះ។

មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៃអនុសញ្ញាអូតាវ៉ា នាពេលខាងមុខនេះ៕

To Top