ព័ត៌មានជាតិ

សូមចូលរួមកាត់ផ្តាច់ ការចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត ឫទៅក្នុងសហគមន៌របស់ខ្លួន

សុំបងប្អូនប្រជាពលរដ្ឋទាំងអស់ ផ្តល់ទំនុកចិត្តលើក្រុមគ្រូពេទ្យ នៅថ្នាក់ជាតិ និងក្រោមជាតិ ដែលកំពុងតែសកម្ម ក្នុងការស្វែងរកអ្នកប៉ះពាល់ ផ្ទាល់ឫប្រយោល ហិងសូមឲ្យមានការចូលរួម សហការស្ម័គ្រចិត្តបង្ហាញខ្លួន ប្រសិនបើបានដឹងថា​ លោកអ្នកធ្លាប់បានប៉ះពាល់ ជាមួយអ្នកវិជ្ជមានវីរុសកូវីដ១៩ ដើម្បីពិនិត្យសុខភាព​លោកអ្នក ប្រសិនបើអ្នកប៉ះពាល់ផ្ទាល់​ មិនមានបញ្ហាទេ អ្នកប៉ះពាល់ប្រយោល ដែលរកឃើញ នឹងចាត់ចែងឲ្យមាន ការតាមដានបន្ត ដោយខ្លួនឯងក្នុង រយ:ពេល ១៤ ថ្ងៃ។

អ្វីដែលជាការរកឃើញមកដល់ពេលនេះគឺ មានអ្នកវិជ្ជមាន វីរុសកូវីដ១៩ សរុបចំនួន ៥៣នាក់ (អ្នកជាសះស្បេីយ ២នាក់ អ្នកឆ្លងផ្ទាល់បន្តមានតែ ៣ករណី (បុរសអាយុ៣៨ឆ្នាំនៅខេត្តសៀមរាប និងស្ត្រីជាភរិយា ២នាក់) ប៉ុណ្ណោះ)។ មិនទាន់មានការចម្លង ឫរាតត្បាត​ ក្នុងសហគមន៌នៅឡេីយ។

នេះជាចំណុចដែលបងប្អូនប្រជាពលរដ្ឋ ត្រូវតែខិតខំចូលរួមការពារទប់ស្កាត់ កុំឲ្យមានការចម្លងទៅក្នុងសហគមន៏ ជាកិច្ចការដែលយើងទាំងអស់គ្នា ត្រូវធ្វើជាចាំបាច់។ ដូច្នេះខ្ញុំសូមអំពាវនាវ ហើយអំពាវនាវទៀត ខ្ញុំសុំលើកដៃសំពះ ដល់បងប្អូនជនរួមជាតិយើងទាំងអស់ សូមលោកអ្នកមេត្តាយល់ លើចំណុចនេះជាចាំបាច់ នៅក្នុងកាលៈទេសៈនេះ ហើយសូមកុំឲ្យមាន ការរើសអើងឲ្យសោះ មិនមានអ្នកណាម្នាក់ចង់ឈឺ ឫចង់នាំជំងឺមកនោះឡើយ ។ តែអ្វីដែលសំខាន់ នោះ ត្រូវតែរួបរួមគ្នា កាត់ផ្តាច់ឲ្យបាន នូវការចម្លងពីបុគ្គល​​ ដែលមានវីរុសកូវីដ១៩ ទៅបុគ្គលផ្សេងទៀត ជាពិសេសអ្នកដែលនៅជិតស្និទ្ធ ឫក្រុមគ្រួសារ មិត្តភ័ក្រ្តគាត់ជាដើម។ ចូលរួមទាំងអស់គ្នា ការពារការចម្លងកូវីដ១៩ ទើបយើងអាចមានជ័យជនះ។ សូមជូនពរសុខភាពល្អ មិនមានការចម្លង វីរុសកូវីដ១៩នេះ ទាំងអស់គ្នា។ សូមអរគុណ​

វេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា

To Top