ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន និងមេដឹកនាំថ្មីរបស់អង់គ្លេស ព្រមព្រៀងគ្នាធ្វើឱ្យទំនាក់ទំនងទ្វេភាគី កាន់តែស៊ីជម្រៅ

Kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានយល់ព្រមជាមួយមេដឹកនាំថ្មីរបស់អង់គ្លេសលោក Keir Starmer ដើម្បីធ្វើការរួមគ្នាធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ក្នុងអំឡុងពេលការហៅទូរស័ព្ទជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីគណបក្សការងាររបស់លោក ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកល។

លោក គីស៊ីដា ត្រូវបានដកស្រង់សម្តីដោយក្រសួងការបរទេសដែលបានប្រាប់លោក Starmer ថាប្រទេសជប៉ុន នឹងសហការជាមួយចក្រភពអង់គ្លេស ដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋចំពេលបរិយាកាសសន្តិសុខពិភពលោកកាន់តែស្មុគស្មាញ។

ក្រសួងបានឲ្យដឹងថា មេដឹកនាំទាំងពីរក៏បានបញ្ជាក់ផងដែរថា ប្រទេសជប៉ុន និងអង់គ្លេសនឹងបន្តគម្រោងរួមគ្នាជាមួយប្រទេសអ៊ីតាលី ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយ ដោយបន្ថែមថាលោក គីស៊ីដា និងលោក Starmer បានផ្លាស់ប្តូរទស្សនៈ ស្តីពីអ៊ុយក្រែន មជ្ឈិមបូព៌ា និងអាស៊ី។

ក្រសួងបានបន្ថែមថា ទន្ទឹមនឹងនោះ លោក គីស៊ីដា បានសម្តែងការដឹងគុណ ចំពោះ “ការស្វាគមន៍ដ៏កក់ក្តៅសម្រាប់ព្រះចៅអធិរាជជប៉ុន ដែលបានទៅបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេសកាលពីខែមិថុនា។  ដំបូងឡើយ ដំណើរទស្សនកិច្ចនេះ ត្រូវបានគ្រោងទុក សម្រាប់ឆ្នាំ២០២០ ប៉ុន្តែត្រូវបានលុបចោល ដោយសារជំងឺរាតត្បាតកូវីដ-១៩។

ជាមួយនឹងគណបក្សការងារទទួលបានសំឡេងភាគច្រើននៅក្នុងសភាបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំលោក Starmer បានក្លាយជានាយករដ្ឋមន្ត្រីថ្មីអង់គ្លេស បន្តពីលោក Rishi Sunak និងបញ្ចប់ការគ្រប់គ្រងរយៈពេល ១៤ឆ្នាំរបស់គណបក្សអភិរក្ស៕ប្រែសម្រួល ឈូក បូរ៉ា

To Top