ភ្នំពេញ ៖ លោកស្រី កាមិកាវ៉ា យ៉ូកុ (H.E. Ms. KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន បានបង្ហាញក្ដីសង្ឃឹមថា នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ដែលជាឆ្នាំបោះឆ្នោតសកល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពិតជារៀបចំការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ជាបន្តទៀត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ.ជ.ប។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី រដ្ឋមន្ដ្រីការបរទេស បានចាប់អារម្មណ៍ចំនួន ៣ចំណុច រួមមាន៖ ទី១- ទំនើបកម្មរបស់ គ.ជ.ប ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ,ទី២-ការចុះបញ្ជីគណបក្សនយោបាយ និងទី៣-ការផ្សព្វផ្សាយលទ្ធផលបោះឆ្នោត។
ទន្ទឹមនឹងនោះ លោកស្រី រដ្ឋមន្ដ្រីការបរទេស ក៏មានចម្ងល់ថា តើមានឈ្មោះស្ទួនក្នុងបញ្ជីបោះឆ្នោតដែរឬទេ? តើ គ.ជ.ប មានធ្វើជំរឿនដែរឬទេ?
ជាការឆ្លើយតប លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ជូនថា បញ្ជីបោះឆ្នោតបច្ចុប្បន្នមានគុណភាព ៩៩,៩៩% គឺមិនមានឈ្មោះស្មួនទេ។ ហើយ គ.ជ.ប បានធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតជារៀងរាល់ឆ្នាំ។ ចំពោះការធ្វើជំរឿន គឺស្ថាប័នរាជរដ្ឋាភិបាលជាអ្នកធ្វើ ហើយ គ.ជ.ប យកទិន្នន័យនោះមកផ្ទៀងផ្ទាត់ ជាមួយទិន្នន័យក្នុងបញ្ជីបោះឆ្នោត គ.ជ.ប៕





