យេរ៉ូសាឡឹម៖ ប្រធានទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល លោក David Barnea បានវិលត្រឡប់ពីរដ្ឋធានីដូហា របស់ប្រទេសកាតា បន្ទាប់ពីកិច្ចប្រជុំដំបូងជាមួយអ្នកសម្របសម្រួល ហើយក្រុមមួយទៀតនឹងត្រូវបានបញ្ជូននៅសប្តាហ៍ក្រោយ ដើម្បីបន្តការចរចា។
សេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា “វាគួរតែត្រូវបានសង្កត់ធ្ងន់ថានៅតែមានចន្លោះរវាងភាគី” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានយល់ព្រមលើការបញ្ជូនគណៈប្រតិភូមួយក្រុម សម្រាប់ការចរចាលើកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង។
កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រថា មន្ត្រីម្នាក់ដែលស្គាល់ពីការចរចាអំពីចំណាប់ខ្មាំងបានឲ្យដឹងថា មន្ត្រី Mossad បានប្រាប់អ្នកសម្របសម្រួលថាពួកគេមាន “សុទិដ្ឋិនិយម” ដែលគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល នឹងទទួលយកសំណើបទឈប់បាញ់ដែលកំពុងពិភាក្សានាពេលនេះ។
យោងតាមការស្ទង់មតិរបស់ប៉ុស្តិ៍លេខ ១២ របស់អ៊ីស្រាអែល បានបង្ហាញកាលពីថ្ងៃសុក្រ នៅពេលសួរថាតើអ្វីដែលសំខាន់បំផុតនៅពេលនេះ ៦៧ ភាគរយនៃមនុស្ស ដែលសម្ភាសន៍បានឲ្យដឹងថាការប្រគល់ចំណាប់ខ្មាំងពីហ្គាហ្សាវិញ បើធៀបនឹង ២៦ ភាគរយដែលបាននិយាយពី ការបន្តសង្រ្គាមនៅតំបន់ហ្គាហ្សា និង ៧ភាគរយដែលបានឲ្យដឹងថាពួកគេមិនដឹងមិនលឺលើបញ្ហានេះទេ៕ ប្រែសម្រួល ឈូក បូរ៉ា
