ប៊ែរឡាំង៖ បន្ទាប់ពីមានការពិភាក្សាជាច្រើនសប្តាហ៍ ក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់ប្រទេសអាល្លឺម៉ង់ បានឈានដល់កិច្ចព្រមព្រៀងបឋម ស្តីពីសេចក្តីព្រាងថវិកា សម្រាប់ឆ្នាំ២០២៥ ដោយបញ្ចៀសវិបត្តិ ដែលគំរាមកំហែងដល់ការបំបែករដ្ឋាភិបាលរបស់អធិការបតីលោក Olaf Scholz ។
កិច្ចព្រមព្រៀងកាលពីថ្ងៃសុក្រក៏រួមបញ្ចូលផែនការហិរញ្ញវត្ថុដំបូង សម្រាប់ឆ្នាំបន្ទាប់ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Scholz បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការចំណាយសរុបក្នុងឆ្នាំ២០២៥ នឹងមានចំនួន ៤៨១ពាន់លានអឺរ៉ូ (៥១៩,៥ពាន់លានដុល្លារ) នេះរួមបញ្ចូលទាំង ៤៤ពាន់លានអឺរ៉ូនៅក្នុងបំណុលថ្មី ដែលនៅតែស្ថិតក្នុងដែនកំណត់នៃអ្វីដែលគេហៅថាហ្វ្រាំងបំណុល ដែលហាមឃាត់ដល់ការខ្ចីបំណុលច្រើនពេក។
លោកបានលើកឡើងថា ការវិនិយោគនឹងកើនឡើងពី ៥៣ពាន់លានអឺរ៉ូនៅឆ្នាំនេះដល់ ៥៧ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២៦ “ជាមួយនឹងថវិកានេះ យើងកំពុងបង្កើតសន្តិសុខ និងស្ថិរភាពនៅក្នុងពេលវេលា ដែលត្រូវបានកំណត់ដោយភាពចលាចល និងភាពមិនច្បាស់លាស់”។
ប្រទេសអាល្លឺម៉ង់ កំពុងស្វែងរក ដើម្បីបំពេញតាមគោលដៅរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៃការវិនិយោគ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងវិស័យការពារជាតិ។
ការចំណាយនៅក្នុងតំបន់នេះត្រូវបានកំណត់ថានឹងកើនឡើងដល់ ៨០ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំនៅឆ្នាំ២០២៨ ការវិនិយោគលើសន្តិសុខផ្ទៃក្នុង និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុក៏នឹងត្រូវកើនឡើងផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា
