ព័ត៌មានជាតិ

ព្រះមហាក្សត្រ មានព្រះបន្ទូលថា រាជរដ្ឋាភិបាល ធ្វើឱ្យកម្ពុជា បើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់ នូវសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ របស់ខ្មែរ

ភ្នំពេញ ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះបន្ទូលថា រាជរដ្ឋាភិបាល បានធ្វើឱ្យប្រទេសកម្ពុជាបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់នូវសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាកេរដំណែល ដ៏ឆ្នើមនៃបុព្វបុរសខ្មែរបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយ ដើម្បីថែរក្សាបន្ដ។

យោងតាមព្រះរាជសារ ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្រ្ត៧ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ព្រះមហាក្សត្រ មានព្រះបន្ទូលកោតសរសើរដ៏ស្មោះចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរ ព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិវប្បធម៌ជាតិនិងសកលលោក ឱ្យបានស្ថិតស្ថេរ គង់វង្សនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះមហាក្សត្រ មានព្រះបន្ទូលថា «ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ព្រះរាជតម្រិះ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរម រតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សា សម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រ ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់នូវសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាកេរដំណែល ដ៏ឆ្នើមនៃបុព្វបុរសខ្មែរបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត»។

ព្រះមហាក្សត្រ មានព្រះបន្ទូលថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងការគាំទ្រជាខ្លាំង ចំពោះ អាជ្ញាធរជាតិសំបូរព្រៃគុក និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រសំបូរព្រៃគុក ” ICC/ANGKOR-SAMBOR PREI KUK “និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធាន ជាតំណាងនៃសាធារណរដ្ឋបារាំង និងប្រទេសជប៉ុន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការទាំងអស់៕

To Top