ព័ត៌មានជាតិ

សម្តេចធិបតី សង្ឃឹមថា បារាំងនឹងលើកពានបាល់ទាត់ Euro2024

រូបភាព៖ ផ្សាយផ្ទាល់ ទទក

ភ្នំពេញ៖ ថ្លែងនៅមុនបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឆ្លៀតយកឱកាសនេះ ចូលរួមអបអរសារទរ ជាមួយប្រទេសបារាំង ក៏ដូចជាក្រុមបាល់ទាត់បារាំង ដែលបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួតពាន់រង្វាន់សហគមន៍អឺរ៉ុបឆ្នាំ២០២៤ សម្តេចសង្ឃឹមថា ប្រទេសនេះជាអ្នកលើកពានបាល់ទាត់ Euro2024។

ក្នុងឱកាសអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាថ្ងៃ៨ កក្កដា សម្តេចធិបតីមានប្រសាសន៍ថា សម្តេចក៏ជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់ផងដែរ និងបានជូនពរឲ្យបារាំង ជាប់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈានទៅក្លាយជាជើងឯក នៃពានរង្វាន់បាល់ទាត់ Euro2024 ផងដែរ ។

សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា ប្រទេសបារាំង នឹងក្លាយជាជើងឯកជាថ្មីម្តងទៀត សូមជូនពរ” ។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់បាល់ទាត់សហគមន៍អឺរ៉ុប (Euro2024) បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយក្នុងនោះនៅសល់៤ប្រទេស នឹងជួបគ្នាដើម្បីដណ្តើមកៅអី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ។ សម្រាប់៤ប្រទេសដែលត្រូវជួបគ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ រួមមាន៖ បារាំងនឹងជួបជាមួយប្រទេសអេស្ប៉ាញ នាយប់រំលងអាធ្រាត្យ ថ្ងៃទី៩ឈានចូលថ្ងៃទី១០ កក្កដា វេលាម៉ោង២យប់(ម៉ោងក្នុងស្រុក) និង២ប្រទេសទៀត គឺហូឡង់ នឹងជួបអង់គ្លេស ដែលត្រូវប្រកួតនៅយប់រំលងអាធ្រាត្យថ្ងៃទី១០ ឈានចូលទី១១ កក្កដាឆ្នាំ២០២៤ វេលាម៉ោង២យប់ (ម៉ោងក្នុងស្រុក) ៕

To Top