ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ ៖ ភាពជោគជ័យ នៃវិស័យសកម្មភាពមីននៅកម្ពុជា គឺជាភាពជោគជ័យមួយរបស់ UN

រូបភាពហ្វេសប៊ុក លោក លី ធុជ

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ភាពជោគជ័យ នៃវិស័យសកម្មភាពមីននៅកម្ពុជា គឺជាភាពជោគជ័យមួយរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យកម្ពុជារួចចាកផុតពីមរតកសង្រ្គាម។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោកទេសរដ្ឋមន្រ្តី​លី​ធុជ។

ការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ នាឱកាសអញ្ជើញដឹកនាំលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព ចុះទស្សនកិច្ចសកម្មភាពបោសសម្អាតមីនរបស់អង្គការ APOPO ស្ថិតក្នុងភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងដំណើរទស្សនកិច្ចនោះ លោកអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ពីសមត្ថភាព និងជំនាញនៃការបោសសម្អាតមីនរបស់កម្ពុជា ហើយបានបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកដោះមីនកម្ពុជា មិនត្រឹមតែបំពេញការងារក្នុងការបោសសម្អាតមីនប៉ុណ្ណោះទេ ថែមទាំងជួយដល់ជនរងគ្រោះនៅតាមសហគមន៍ ព្រមទាំងរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌ និងរក្សាសន្តិភាពនៅក្រៅប្រទេស ទៀតផង។
ក្នុងឱកាសនោះ លោកអគ្គលេខាធិការរង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងរួមចំណែកក្នុងការធានាបាននូវសុខសុវត្ថិភាព និងសន្តិភាពដល់បណ្តាប្រទេសនានា តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិដែលរួមចំណែកដល់ដំណើរការរក្សាសន្តិភាព ក៏ដូចជាគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា នាពេលកន្លងមក រហូតដល់បច្ចុប្បន្ន។ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា «ភាពជោគជ័យនៃវិស័យសកម្មភាពមីននៅកម្ពុជា គឺជាភាពជោគជ័យមួយរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យកម្ពុជារួចចាកផុតពីមរតកសង្រ្គាម»។

លោកទេសរដ្ឋមន្រ្តី គូសបញ្ជាក់ទៀតថា ខេត្តព្រះវិហារ គឺជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀត ដែលបាននិងកំពុងទទួលផលប្រយោជន៍ពីគម្រោងបោសសម្អាតមីនរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គការសហប្រជាតិ នៅចម្ការមីនកំពុងបោសសម្អាតរបស់អង្គការ APOPO គាំទ្រពីប្រទេសបែលហ្សិក គឺជាផ្នែកមួយក្នុងការរួមចំណែកធ្វើឱ្យខេត្តព្រះវិហារប្រសើរឡើង និងរួចផុតពីគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាពិសេសឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបានសុខសុវត្ថិភាពដល់សហគមន៍ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកកោះកេរ៕

To Top