ព័ត៌មានអន្តរជាតិ

Update៖ បាត់ខ្លួន៤៦នាក់នៅក្នុងហេតុការណ៍គ្រោះបាក់ដី និងទឹកជំនន់នៅឥណ្ឌូនេស៊ី

Ximhua

ហ្សាការតា៖ ក្រុមអ្នកជួយសង្គ្រោះជាន់ខ្ពស់មួយរូបបានលើកឡើងកាលពីថ្ងៃចន្ទថា មានមនុស្សចំនួន ៤៦នាក់បានបាត់ខ្លួន ក្រោយពីមានគ្រោះបាក់ដី និងទឹកជំនន់កើតឡើងភ្លាមៗនៅឯអណ្តូងរ៉ែមាសមួយកន្លែងនៅក្នុងខេត្ត Gorontalo របស់ប្រទេសឥណ្ឌូនេស៊ី ។

លោក Heriyanto ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះប្រចាំខេត្តខាងលើ បានរាយការណ៍ពីការកើនឡើងនៃចំនួនអ្នកស្រុកដែលប្រកាសថា សមាជិកគ្រួសាររបស់ពួកគេបានបាត់ខ្លួនបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិនៅក្នុងខេត្ត Bone Bolango បានកើតឡើង ។

លោក Heriyanto បានប្រាប់ដល់ទីភ្នាក់ងារ Xinhua យ៉ាងដូច្នេះថា “អ្នកស្រុកបន្តរាយការណ៍អំពីសមាជិកគ្រួសាររបស់ពួកគេដែលបានបាត់ខ្លួន គិតមកដល់ពេលនេះ មានមនុស្សចំនួន៤៦នាក់ត្រូវបានប្រកាសថា បានបាត់ខ្លួន” ។

លោកបានបរិយាយថា ជនរងគ្រោះ រួមមានកម្មកររ៉ែ និងអ្នកភូមិដែលផ្តល់គ្រឿងផ្គត់ផ្គង់ដល់កម្មកររ៉ែ ដែលពួកគេទាំងអស់រស់នៅក្នុងជំរុំក្នុងតំបន់រុករករ៉ែមាស ។

លោកបានបញ្ជាក់ថា “ឧបទ្ទវហេតុនេះបានកើតឡើងនៅគ្រាដែលពួកគេកំពុងដេក ឬសម្រាកនៅក្នុងជំរំ” ។

មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា គ្រោះធម្មជាតិនេះបានកើតឡើងស្របពេលមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងនៅពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃសៅរ៍ ដោយមានមនុស្សចំនួន២៤នាក់នៅរស់រានមានជីវិតក្រោយពីមានឧបទ្ទវហេតុនេះកើតឡើង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top