ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ បន្ទាប់ពីបញ្ចប់វេទិកាធុរកិច្ចបារាំង-កម្ពុជា កំណើនវិនិយោគិនបារាំងនៅកម្ពុជា នឹងកើនឡើងមួយកម្រិតទៀត

រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា បន្ទាប់ពីវេទិកាធុរកិច្ចបារាំង-កម្ពុជារួចរាល់ កំណើនវិនិយោគិនបារាំងនៅកម្ពុជា នឹងមានការកើនឡើងមួយកម្រិតទៀត ខណៈវេទិកាធុរកិច្ចបារាំង-កម្ពុជាបានធ្វើឡើងពីថ្ងៃ៨-១០កក្កដា ។

ការបង្ហាញជំនឿជឿជាក់របស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងនាល្ងាចថ្ងៃទី៩ កក្កដា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវីធីលៀងសាយភោជ នៃវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២ ឆ្នាំ២០២៤ ដែលរៀបចំឡើងក្នុងវិមានរាជរដ្ឋាភិបាល ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កម្មវិធីនាឱកាសនេះក៏មានការចូលរួមពី សំណាក់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា រដ្ឋមន្រ្តីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកអ្នកឧកញ៉ាប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា និងធុរជនកម្ពុជា-បារាំងជាច្រើនរូប។

ជាការប្ដេជ្ញាចិត្តរបស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងក្នុងវេទិកាធុរកិច្ចនេះផងដែរថា បើទោះបីជាស្ថានភាពវិនិយោគផ្ទាល់ពី បារាំងមកកម្ពុជាមានកម្រិតនៅឡើយ ប៉ុន្តែក្នុងនាមលោកផ្ទាល់នឹងព្យាយាមបន្ថែមទៀត ក្នុងការជំរុញពង្រីកការវិនិយោគដោយផ្ទាល់ ពីបារាំងនៅកម្ពុជាឲ្យបានច្រើន។

មានប្រសាសន៍លើកឡើងក្នុងកម្មវិធីលៀងសាយភោជ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា «បន្ទាប់ពីវេទិកាធុរកិច្ចនេះរួចរាល់ កំណើនវិនិយោគិនបារាំងនៅកម្ពុជានឹងមានការកើនឡើងមួយកម្រិតទៀត»។

ជាងនេះទៅទៀត នៅមុនបំណាច់ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើដំណើរទៅប្រទេសបារាំង ដើម្បីគោះទ្វារទាក់ទាញវិនិយោគិន ឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ៕

To Top