ស៊ីដនី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនីញ៉ូ អាល់បានី បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហព័ន្ធ ក្នុងការគាំទ្រដំណោះស្រាយរដ្ឋពីរ ក្នុងការដោះស្រាយជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល។
លោកបានលើកឡើងថា “យើងបានគាំទ្របទឈប់បាញ់ដើម្បីជំរុញសន្តិសុខ និងសន្តិភាព សម្រាប់ប្រជាជននៅមជ្ឈិមបូព៌ា។ យើងបានគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវដំណោះស្រាយរដ្ឋពីរ ដែលជាការចាំបាច់សម្រាប់សន្តិសុខរបស់ទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីអាចរស់នៅដោយសន្តិភាព និងសន្តិសុខ”។
លោកបានកត់សម្គាល់ថា គោលជំហររបស់រដ្ឋាភិបាលអូស្ត្រាលីចំពោះដំណោះស្រាយរដ្ឋពីរគឺជាការប្រកាន់យកជាយូរមកហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបន្ដថា “ជំហររបស់គណបក្សការងារ ចំពោះការគាំទ្រ រដ្ឋអ៊ីស្រាអែល និងការគាំទ្រដំណោះស្រាយរដ្ឋពីរ ដោយប៉ាឡេស្ទីន អាចដឹងពីសេចក្តីប្រាថ្នា ស្របច្បាប់ដែលពួកគេមាន។
លោក អាល់បានី បានធ្វើការកត់សម្គាល់នេះ ខណៈពេលដែលប្រកាសតែងតាំងលោក Jillian Segal ជាបេសកជនពិសេស ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រឆាំងសាសនានៅប្រទេសអូស្ត្រាលី នៅឯសារមន្ទីរ Jewish ក្នុងទីក្រុងស៊ីដនី៕
ប្រែសម្រួល ឈូក បូរ៉ា