ព័ត៌មានជាតិ

អ្នកនាំពាក្យ ក្រសួងបរិស្ថាន សំណូមពពលរដ្ឋ ចូលរួមសកម្មភាព បញ្ឈប់បំផ្លិចបំផ្លាញ ធនធានធម្មជាតិ

ភ្នំពេញ ៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានសំណូមពរដល់ ប្រជាពលរដ្ឋចូលរួម ក្នុងសកម្មភាពចាំបាច់ ក្នុងការបញ្ឈប់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងចូលរួមពង្រឹង ប្រព័ន្ធស្បៀង និងកសិកម្ម ។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ប្រព័ន្ធជីវៈចម្រុះ និងធម្មជាតិមានសារៈសំខាន់ សម្រាប់ជីវិតនៅលើផែនដី ។ សកម្មភាពកសិកម្មអេកូឡូស៊ី មានសារៈសំខាន់កាន់តែខ្លាំង ពេលបច្ចុប្បន្ន ដើម្បីកែតម្រូវស្ថានភាពនេះ និង ធ្វើឲ្យមានតុល្យភាពអេកូឡូស៊ីធម្មជាតិ។ ម្យ៉ាងវិញទៀត ការធ្វើកសិកម្មអេកូឡូស៊ី ដាំដំណាំចម្រុះ តាមបែបធម្មជាតិ នៅជុំវិញផ្ទះ ឬមូលដ្ឋាន ក៏ជួយអភិរក្សដីឲ្យមានជីជាតិ ជារៀងរហូតផងដែរ ហើយជួយពង្រឹង ទំនាក់ទំនងគ្នាទៅវិញទៅមក នៃប្រព័ន្ធស្បៀងអាហារ និងការថែរក្សាធនធានធម្មជាតិ និងបរិស្ថាន។

អ្នកនាំពាក្យបញ្ជាក់ថា ការការពារ និងអភិរក្សធនធានធម្មជាតិផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ ដោយមិនគិតថ្លៃ ដូចជា អាហារ ដែលមានជីវជាតិ ខ្យល់បរិសុទ្ធ និងទឹកស្អាត ដើម្បីជួយដល់សុខភាព ព្យាបាលជំងឺ និងការពារគ្រោះមហន្តរាយ ធម្មជាតិជាដើម។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានបញ្ជាក់ថា ត្រូវការភាពស្អាត ភាពបៃតង និងចីរភាព ដោយត្រូវការ គ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឲ្យបានល្អ ប្រសិនបើចង់សម្រេច បានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកសាងពិភពលោកកាន់តែរីកចម្រើន។

លោកថា ក្រសួងបរិស្ថាន តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសក្នុងមុំយុទ្ធសាស្រ្តទី២ «បៃតង» បានពង្រឹងការដាំឈើឲ្យបានច្រើន ដើម្បីស្តារព្រៃ បង្កើនគម្របព្រៃ បង្កើនគម្របបៃតងនៅតាមផ្ទះ គឺដាំដំណាំ ដើមឈើ តាមសាលារៀន វត្តអារាម នៅតាមមូលដ្ឋានសហគមន៍ ការពង្រឹងការអភិរក្សជីវៈចម្រុះ និងគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាជួយពង្រឹងជីវភាពប្រជាពលរដ្ឋ ដោយអាទាញប្រយោជន៍ពីភាពបៃតងនេះ។

អ្នកនាំពាក្យបន្ថែមថា ពេលនេះពលរដ្ឋត្រូវចូលរួមពង្រឹងការរួមចំណែកជួយធម្មជាតិ គឺក៏ជួយខ្លួនឯង និងមនុស្សជាតិ មិនត្រឹមតែនៅកម្ពុជា និងនៅលើពិភពលោកព្រោះ ការថែរក្សការពារព្រៃឈើ តាមរយៈការធ្វើបន្លែ ការដាំដុះ ដែលមិនប៉ះពាល់ដីព្រៃ ការមិនប្រើជីគីមីនាំឲ្យធម្មជាតិជីវៈចម្រុះ មានការថែទាំបានល្អ ផ្តល់ប្រយោជន៍មកមនុស្សវិញ ដូចជា ចំណូលសម្រាប់គ្រួសារ មានសុខភាពល្អ ជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងជាប្រភពនៃការទាក់ទាញនៃការធ្វើពាណិជ្ជកម្មកាបូនដែលកម្ពុជា កំពុងប្រតិបត្តិការនៅតំបន់ការពារធម្មជាតិមួយចំនួនរួចមកហើយ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ទៀតថា «ពិភពលោកយើង កំពុងយកចិត្តទុកដាក់ខ្លាំង ចំពោះធនធានធម្មជាតិ និងជីវៈចម្រុះ ជាច្រើន ប្រភេទកំពុងស្ថិត ក្នុងហានិភ័យ នៃការផុតពូជ ដោយសារការប៉ះពាល់ដី និងការយាយីពី មនុស្សជារៀងរាល់ឆ្នាំ ។ ខ្ញុំសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមក្នុងសកម្មភាពចាំបាច់ បញ្ឈប់ការបំផ្លិចបំផ្លាញ ធនធានធម្មជាតិ និងចូលរួមពង្រឹងប្រព័ន្ធស្បៀង និងកសិកម្ម ក៏ដូចជា ចំណីអាហារ ត្រូវតែមាននិរន្តរភាព ។ ត្រូវពង្រីកកិច្ចខំប្រឹងប្រែងអភិរក្ស និង ស្ដារឡើងវិញជុំវិញពិភពលោក។ ដំណោះស្រាយលើ ធនធានធម្មជាតិ អាចជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់មួយភាគបី ព្រមជាមួយអត្ថប្រយោជន៍ ផ្សេងទៀត»៕

To Top