បរទេស៖ លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូដែលជិតផុតអាណត្តិបានហៅជ័យជម្នះរបស់រុស្ស៊ីនៅក្នុងជម្លោះអ៊ុយក្រែនថា ជាហានិភ័យដ៏ធំបំផុតសម្រាប់ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក (អង្គការណាតូ) ហើយបានជំរុញឱ្យរដ្ឋជាសមាជិកពង្រឹងជំនួយដល់ទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងកាលពីថ្ងៃអង្គារនៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលមេដឹកនាំណាតូបានប្រមូលផ្តុំគ្នាដើម្បីប្រារព្ធខួបលើកទី ៧៥ នៃអង្គការនេះ លោក Stoltenberg បានអះអាងថា ជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ នឹងបង្កើតប្រព័ន្ធសន្តិសុខពិភពលោកសម្រាប់ទសវត្សរ៍ខាងមុខ។
លោក Stoltenberg បានលើកឡើងថា “ការចំណាយដ៏ធំបំផុត និងហានិភ័យធំបំផុតនឹងកើតឡើង ប្រសិនបើរុស្ស៊ីឈ្នះនៅអ៊ុយក្រែន។ យើងមិនអាចបណ្តោយឱ្យរឿងនោះកើតឡើងបានទេ»។
យោងតាមលោក Stoltenberg, ជ័យជម្នះរបស់រុស្ស៊ីនឹង “ពង្រឹង” គូប្រជែងផ្សេងទៀតនៃប្លុកយោធា រួមទាំងអ៊ីរ៉ង់ កូរ៉េខាងជើង និងចិន ដែលគាំទ្រទីក្រុងម៉ូស្គូ និង “ចង់ឱ្យណាតូ បរាជ័យ” ។
អ៊ុយក្រែនចង់ចូលជាសមាជិករបស់ណាតូ និងរក្សាថាការប្រយុទ្ធរបស់ខ្លួនជាមួយរុស្ស៊ីផ្តល់សិទ្ធិឱ្យខ្លួនចូលជាសមាជិកបានលឿន។ ប៉ុន្តែរដ្ឋជាសមាជិក និងថ្នាក់ដឹកនាំរបស់អង្គការណាតូ បាននិយាយថា ប្រទេសអ៊ុយក្រែននឹងមិនចូលរួមអង្គការនេះបានទេ ខណៈដែលអរិភាពនៅតែបន្ត។ ទីក្រុងមូស្គូបានចាត់ទុកបំណងប្រាថ្នារបស់អ៊ុយក្រែនក្នុងការស្ថិតនៅក្នុងអង្គការណាតូថាជាហេតុផលសំខាន់មួយសម្រាប់ការចាប់ផ្តើមជម្លោះនៅឆ្នាំ ២០២២៕ ប្រែសម្រួលៈ ណៃ តុលា