ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល វាយប្រហារលើសាលារៀនមួយកន្លែងនៅភាគខាងត្បូងហ្គាហ្សា បណ្ដាលឲ្យមនុស្សស្លាប់ ២៥នាក់

Xinhua

ហ្គាហ្សា៖ ប្រភពពីប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៥នាក់ត្រូវបានសម្លាប់ និងមួយចំនួនទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅទៅលើសាលារៀនមួយនៅក្នុងទីក្រុងខាន់ យូនីស នៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប។

ប្រភពសន្តិសុខបានប្រាប់កាសែតស៊ិនហួ ឲ្យដឹងថាយន្តហោះអ៊ីស្រាអែល បានកំណត់គោលដៅទៅកាន់ច្រកទ្វារនៃសាលា Al-Awda ដែលផ្ទុកអ្នកផ្លាស់ទីលំនៅរាប់រយនាក់នៅក្នុងទីប្រជុំជន Abasan al-Kabira ភាគខាងកើតនៃទីក្រុងខាន់ យូនីស ដោយប្រើប្រាស់មីស៊ីលមួយគ្រាប់។

វីដេអូ​ដែល​បាន​ចែករំលែក​ដោយ​សកម្មជន​ប៉ាឡេស្ទីន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Facebook បាន​បង្ហាញ​សាកសព​រាប់សិប​នាក់​ដេក​នៅ​នឹង​ដី​ដោយ​ប្រឡាក់​ដោយ​ឈាមពេញខ្លួន។

ប្រភពវេជ្ជសាស្ត្របានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥នាក់ រួមទាំងស្ត្រី និងកុមារ និងរាប់សិបនាក់រងរបួសក្នុងកម្រិតផ្សេងៗគ្នា។

ប្រភពបានប្រាប់កាសែតស៊ិនហួឲ្យដឹងថា ចំនួនជនរងគ្រោះត្រូវបានគេរំពឹងថា នឹងកើនឡើងដោយសារតែចំនួនមនុស្សច្រើនពេកនៅក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ដោយប្រើគ្រាប់រំសេវយ៉ាងជាក់លាក់ កងកម្លាំងអាកាសអ៊ីស្រាអែល បានវាយប្រហារភេរវករម្នាក់ពីក្រុមយោធារបស់ក្រុមហាម៉ាស់ ដែលបានចូលរួមក្នុងការវាយលុករបស់ក្រុមហាម៉ាស់នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីឆ្នាំមុន ក្នុងចំណោមសកម្មភាពភេរវករផ្សេងទៀត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top