ព័ត៌មានអន្តរជាតិ

មេដឹកនាំណាតូ ៖ ចិនថា ជាអ្នកសម្រេចចិត្ត នៃសង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែន

Kyodo

វ៉ាស៊ីនតោន៖ មេដឹកនាំអង្គការណាតូ បានចោទប្រកាន់ប្រទេសចិនថាជា “អ្នកសម្រេចចិត្ត” នៃសង្គ្រាម ដែលកំពុងបន្តរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន នៅក្នុងការរិះគន់ដ៏ខ្លាំងក្លាបំផុតរបស់ពួកគេអំពីមហាអំណាចអាស៊ី ដែលត្រូវបានមើលឃើញដោយសម្ព័ន្ធមិត្តយោធាឆ្លងអាត្លង់ទិកថា កំពុងបន្តបង្កបញ្ហាប្រឈម ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់។

សេចក្តីថ្លែងការណ៍ រួមមួយ ដែលត្រូវបានគាំទ្រដោយមេដឹកនាំ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងដែលមានសមាជិក ៣២ រូបក្នុងអំឡុងពេល កិច្ចប្រជុំកំពូលក្នុងទីក្រុងវ៉ាស៊ីនតោន ក៏បានឲ្យដឹងផងដែរថា ពួកគេ “ថ្កោលទោសយ៉ាងខ្លាំង” ចំពោះការនាំចេញរបស់កូរ៉េខាងជើង នូវគ្រាប់កាំភ្លើងធំ និងមីស៊ីលផ្លោងសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។

មេដឹកនាំណាតូបានឲ្យដឹងថា “ភាពជាដៃគូយុទ្ធសាស្ត្រ កាន់តែស៊ីជម្រៅរវាងរុស្ស៊ី និងចិន និងការព្យាយាមពង្រឹងគ្នាទៅវិញ ទៅមករបស់ពួកគេ ដើម្បីកាត់បន្ថយ និងរៀបចំសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គឺជាមូលហេតុ សម្រាប់ការព្រួយបារម្ភយ៉ាងខ្លាំង” ។

ដោយប្រើភាសាខ្លាំងជាងអំពីប្រទេសចិន ជាងសេចក្តីថ្លែងការណ៍របស់អង្គការណាតូកន្លងមក មេដឹកនាំបានជំរុញឱ្យទីក្រុងប៉េកាំង បញ្ឈប់ជំនួយផ្នែកសម្ភារៈ និងនយោបាយទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី។

ខណៈពេលដែលប្រទេសចិន ដែលព្យាយាមបង្ហាញខ្លួនឯងថា ជាតួអង្គអព្យាក្រឹត ក្នុងសង្រ្គាម បានបដិសេធការផ្តល់ជំនួយ​ ផ្នែកយោធាដោយផ្ទាល់ ដល់ប្រទេសរុស្ស៊ី មន្ត្រីលោកខាងលិចបានលើកឡើងពីការប្រុងប្រយ័ត្ន ចំពោះទំនាក់ទមនងកាន់តែជិតស្និទ្ធ របស់ពួកគេនៅក្នុងប៉ុន្មានខែថ្មីៗនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top