ព័ត៌មានជាតិ

សម្តេចធិបតី៖ កីឡា មិនមែនគ្រាន់តែជាការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាស សម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គមសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិ

រូបភាព៖ ផ្សាយផ្ទាល់ទូរទស្សន៍ជាតិកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា មិនមែនគ្រាន់តែជាការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជាងនេះព្រឹត្តិការណ៍ប្រកួតកីឡា គឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គមសេដ្ឋកិច្ចនិងកេរ្តិ៍ឈ្មោះប្រទេសជាតិ ។

ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីធ្វើឡើងក្នុងឱកាសអញ្ជើញ បើកការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

ក្នុងឱកាសនេះ សម្តេចធិបតី មានប្រសាសន៍ថា “វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលបានដើរតួនាទីសំខាន់ ទាំងនៅកម្ពុជា និងលើពិភពលោក ដែលកីឡាទទួលបានការចាប់អារម្មណ៍ និងគាំទ្រកាន់តែច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ” ។

ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ព្រឹត្តិការណ៍កីឡា មិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែជាងនេះ ព្រឹត្តិការណ៍ប្រកួតកីឡាគឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គមសេដ្ឋកិច្ចនិងកេរ្តិ៍ឈ្មោះប្រទេសជាតិ ក៏ដូចជាការរួមចំណែក ដល់ការពង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាងប្រតិភូកីឡា នៃប្រទេសដែលបានចូលរួម” ។

សូមរំលឹកថា ការរៀបចំឱ្យមាននូវព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះ ជ្រើសរើសជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៤នេះឡើង គឺកើតចេញពីការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយថាមពលរបស់ សម្តេចមហាបវរធិបតីដែលតែងតែជំរុញ និងលើកទឹកចិត្តដល់វិស័យកីឡាជាតិ។

សូមបញ្ជាក់ថាប្រតិភូកីឡាសរុបមានចំនួន ២០៤នាក់ ក្នុងនោះ អត្តពលិក ១០១នាក់, ប្រតិភូ ៣០នាក់, អាជ្ញាកណ្ដាល-ចៅក្រម, សិក្ខាកាមអាជ្ញាកណ្ដាល-ចៅក្រម ៥០នាក់, គ្រូបង្វឹក ២៣នាក់ និងគ្រូឧទ្ទេសវគ្គបណ្តុះបណ្តាល ៣នាក់។ការចុះឈ្មោះចូលរួមសរុបមាន ១៨ប្រទេស រួមមាន៖ កម្ពុជា, បារ៉ែន, ចិន, ចិនហុងកុង, ចិនតៃប៉ិ, ចិនម៉ាកាវ,ឥណ្ឌា, ឥណ្ឌូនេស៊ី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, សារណរដ្ឋកូរ៉េ, ម៉ាឡេស៊ី, ម៉ុងហ្គោលី,ថៃ, ហ្វីលីពីន, សិង្ហបុរី និងអារ៉ាប៊ីសាអ៊ូឌី។

ជាងនេះទៀត សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ក៏បានសហការយ៉ាងជិតស្និទ្ធជាមួយសមាគមយុទ្ធគុនចម្រុះអាស៊ី ក្នុងការរៀបចំទីលានប្រកួត និងលក្ខណៈបច្ចេកទេស ហើយបានសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ រៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅដល់ប្រតិភូកីឡា និងអត្តពលិកអន្តរជាតិ រួមទាំងការរៀបចំកន្លែងស្នាក់នៅ ម្ហូបអាហារ និងដឹកជញ្ជូន, ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ផងដែរ៕

To Top