ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបង្កលក្ខណៈល្អប្រសើរ។
ឱកាសអញ្ជើញជាអធិបតីបើកជាផ្លូវការ «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២» នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរ គុណដល់គណៈប្រតិភូតំណាងចលនាអូឡាំពិក និងសមាគមយុទ្ធគុនចម្រុះអាស៊ី បានផ្តល់ទំនុក ចិត្តដល់កម្ពុជា ក្នុងការរៀបចំ ការប្រកួតជ្រើសរើសជើងឯកកីឡាយុទ្ធគុនចម្រុះអាស៊ី លើកទី២ នេះ។
សម្ដេចធិបតី រំលឹកឡើងវិញថា កម្ពុជាទើបតែបានរៀបចំ ការប្រកួតកីឡា SEA Games លើកទី ៣២ និង ASEAN Para Games លើកទី ១២ ឆ្នាំ ២០២៣ ដោយទទួលបានជោគជ័យ ដ៏ត្រចះត្រចង់។ វិស័យកីឡា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់ ទាំងនៅកម្ពុជា និងសកលលោក, ដោយកីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រ កាន់តែច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬ និន្នាការនយោបាយឡើយ។
សម្តេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបង្កលក្ខណៈល្អប្រសើរ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ឲ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្ដើមយកជ័យជម្នះ ក្នុងព្រឹត្តិការណ៍កីឡាធំៗ»៕