ព័ត៌មានអន្តរជាតិ

អ្នកជំនាញក្រូអាត ៖ អង្គការណាតូ មិនត្រូវក្លាយជាឧបករណ៍ នៃឥទ្ធិពល របស់សហរដ្ឋអាមេរិកនោះទេ

AFP

បរទេស៖ លោក Mladen Plese អ្នកវិភាគនយោបាយក្រូអាត បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយកាសែត ស៊ិនហួឲ្យដឹងថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) មិនត្រូវក្លាយជាឧបករណ៍ របស់សហរដ្ឋអាមេរិក ក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួនជុំវិញពិភពលោក ដោយដើរតួជាអ្នកពង្រីកឥទ្ធិពលរបស់ទីក្រុងវ៉ាស៊ីនតោន។

លោកបានឲ្យដឹងថា “សហរដ្ឋអាមេរិក បានប្រើប្រាស់ណាតូ ដើម្បីអនុវត្តគោលនយោបាយរបស់ខ្លួន និងមានឥទ្ធិពល សម្រេចចិត្តលើអង្គការណាតូ នេះមិនល្អសម្រាប់ដៃគូអឺរ៉ុបនោះ។ អង្គការណាតូ មិនត្រូវជាដៃ របស់វ៉ាស៊ីនតោននោះទេ ហើយបណ្តាប្រទេសនៅអឺរ៉ុប កាន់តែច្រើនកំពុងព្រមានអំពីរឿងនេះ” ។

យោងតាមអ្នកវិភាគ ណាតូគួរតែបំពេញមុខងារដូចជាការរក្សាសន្តិភាព និងទប់ស្កាត់ជម្លោះ ជាជាងចាប់ផ្តើម ឬចូលរួមក្នុងសង្គ្រាម និងជម្លោះយោធាជុំវិញពិភពលោក ដូចដែលខ្លួនបានធ្វើក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក។

លោកបានលើកឡើងថា វិបត្តិអ៊ុយក្រែន គឺជាឧទាហរណ៍ចុងក្រោយបង្អស់នៃឥទ្ធិពលរបស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លើសពីនេះទៅទៀត សហរដ្ឋអាមេរិក បានព្យាយាមពង្រឹងអង្គការណាតូ តាមរយៈការបង្កើនការចូលរួម របស់ខ្លួននៅក្នុងតំបន់អាស៊ីបូព៌ា ដែលមិនមែនជាផលប្រយោជន៍របស់អឺរ៉ុប នេះបើយោងតាមលោក ​​Plese ។

លោកបានលើកឡើងថា “អង្គការណាតូកំពុងត្រូវ បានប្រើប្រាស់ក្នុងនាមផល ប្រយោជន៍របស់អាមេរិក ដើម្បីរឹតបន្តឹងស្ថានភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមិនឆ្លើយតបទៅនឹងផលប្រយោជន៍ របស់អឺរ៉ុបទាល់តែសោះ នោះហើយជាមូលហេតុ ដែលខ្ញុំជឿថាពេលវេលា នឹងមកដល់នៅពេលដែលអឺរ៉ុប នឹងអភិវឌ្ឍកងកម្លាំងការពារផ្ទាល់ខ្លួន របស់ពួកគេដែលនឹងមិន ពឹងផ្អែកលើអង្គការណាតូ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top