ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន អំពាវនាវឱ្យមានការ បង្រួបបង្រួមរដ្ឋាភិបាល បន្ទាប់ពីមានបទឈប់ បាញ់នៅតំបន់ហ្គាហ្សា

AFP

រ៉ាម៉ាឡា៖ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីន លោក Mohammad Mustafa បានអំពាវនាវឱ្យមាន ការបង្រួបបង្រួមប៉ាឡេស្ទីន នៅក្រោមអាជ្ញាធរ និងរដ្ឋាភិបាលតែមួយ នៅពេលដែលបទឈប់បាញ់ ត្រូវបានឈាន ដល់នៅតំបន់ហ្គាហ្សា។

ក្នុងជំនួបជាមួយមន្ត្រីអង្គការសហប្រជាជាតិ ស្ថានកុងស៊ុល និងឯកអគ្គរដ្ឋទូតនៅទីក្រុងរ៉ាម៉ាឡា លោក Mustafa បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការរួបរួម និងកិច្ចសហប្រតិបត្តិការ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Mustafa បានឲ្យដឹងថា “ថ្ងៃបន្ទាប់ពីសង្គ្រាមបានបញ្ចប់ ប៉ាឡេស្ទីន ត្រូវតែរួបរួមគ្នាក្រោមអាជ្ញាធរតែមួយ និងរដ្ឋាភិបាលមួយ ដោយធ្វើការជាមួយ ដៃគូជាក្រុមតែមួយ ជាមួយនឹងផែនការតែមួយ មិនអាចមានសម័យអន្តរកាល ដែលមិនបានកំណត់ ដែលនឹងបង្កើតភាពស្មុគស្មាញ និងចលាចលបន្ថែមទៀតនោះទេ” ។

លោក Mustafa បានជំរុញឱ្យដៃគូអន្តរជាតិ ម្ចាស់ជំនួយ និងស្ថាប័នអង្គការ សហប្រជាជាតិ សម្របសម្រួលយ៉ាងជិត ស្និទ្ធជាមួយរដ្ឋាភិបាល ប៉ាឡេស្ទីន ដើម្បីធានាឱ្យមានការងើបឡើងវិញយ៉ាងឆាប់រហ័ស និងដោះស្រាយតម្រូវការមនុស្ស ធម៌ជាបន្ទាន់ ដែលបណ្តាលមកពីជម្លោះនៅតំបន់ហ្គាហ្សា និងផលប៉ះពាល់របស់វានៅតំបន់ West Bank ។

លោកបានលើកឡើងពីការ ទទួលខុសត្រូវយូរអង្វែង របស់អាជ្ញាធរប៉ាឡេស្ទីន ក្នុងការផ្តល់សេវាសំខាន់ៗ ដូចជាការថែទាំសុខភាព ការអប់រំ ទឹក និងអគ្គិសនី ដល់ប្រជាជននៅតំបន់ហ្គាហ្សា បើទោះបីជាអ៊ីស្រាអែល កាត់ចេញពីមូលនិធិប៉ាឡេស្ទីនក៏ដោយ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top