ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជូនយន្តហោះចម្បាំង ទៅពិនិត្យមើលដែនអាកាស ក្រោយពីមានវត្តមាន យន្តហោះរបស់ណ័រវេសន៍ ហោះនៅជិតព្រំដែនអាកាសរបស់ខ្លួន

AFP

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃពុធថា យន្តហោះចម្បាំងរុស្ស៊ីចំនួន១គ្រឿង បានហោះឡើងទៅលើអាកាស ក្រោយពីការគ្រប់គ្រងដែនអាកាសរបស់រុស្ស៊ី បានរកឃើញវត្តមានយន្តហោះ របស់ប្រទេសណ័រវេសន៍ដែលកំពុង ហោះខិតជិតមកដល់សមុទ្រ Barents ។

ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះរបស់ណ័រវេសន៍ ដែលត្រូវបានកំណត់ថា ជាយន្តហោះល្បាតមូលដ្ឋាន P-8A Poseidon បានងាកចេញពីព្រំដែនរដ្ឋ ក្រោយពីយន្តហោះចម្បាំង MiG-31 របស់រុស្ស៊ី បានចូលមកជិត ដោយបានឲ្យដឹងទៀតថា គ្មានការរំលោភលើព្រំដែន ដែលត្រូវបានរកឃើញនោះទេ ។

ក្រសួងបានបញ្ជាក់ថា ការហោះហើររបស់យន្តហោះចម្បាំងរុស្ស៊ី ត្រូវបានអនុវត្ត “ដោយអនុលោមតាមច្បាប់អន្តរជាតិ សម្រាប់ការប្រើប្រាស់ដែនអាកាស លើដែនទឹកអព្យាក្រឹត និងអនុលោមតាមវិធានការសុវត្ថិភាព” តែប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top