ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះបាក់ដីនៅអណ្តូងរ៉ែមាសនៅឥណ្ឌូនេស៊ី កើនដល់២៦នាក់ ខណៈ១៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួន

ហ្សាការតា៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះបាក់ដី និងគ្រោះទឹកជំនន់កើតឡើងភ្លាមៗ នៅក្នុងតំបន់រុករករ៉ែ នៃតំបន់ Bone Bolango ក្នុងខេត្ត Gorontalo របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់២៦នាក់ហើយ ខណៈមនុស្សចំនួន១៩នាក់នៅតែបាត់ខ្លួនដដែល ។

លោក Bagus Asrama ប្រធានអង្គភាពប្រតិបត្តិការនៃការិយាល័យស្វែងរក និងជួយសង្គ្រោះខេត្តបានរាយការណ៍មកថា អ្នករុករករ៉ែចំនួន២៨០នាក់ សមាជិកគ្រួសាររបស់ពួកគេ និងអ្នកលក់ដូរបានរួចផុតពីគ្រោះមហន្តរាយកាលពីយប់ថ្ងៃសៅរ៍ ។

គាត់បានប្រាប់ដល់ទីភ្នាក់ងារ Xinhua យ៉ាងដូច្នេះថា “សាកសពមួយចំនួនត្រូវបានគេរកឃើញកាលពីពេលថ្មីៗនេះនៅក្រោមដី ដោយមានអេស្កាវ៉ាទ័រចំនួន២គ្រឿងបានជួយនៅក្នុងប្រតិបត្តិការរុករកនេះ” ។

លោកបានលើកឡើងទៀតថា អាកាសធាតុស្រឡះនៅថ្ងៃសុក្រក៏បានជួយសម្រួលដល់ក្រុមអ្នកជួយសង្គ្រោះក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេផងដែរក្នុងការស្វែងរកអ្នកបាត់ខ្លួនទាំងនោះ ។

គួររំលឹកថា គ្រោះបាក់ដី និងគ្រោះទឹកជំនន់កើតឡើងភ្លាមៗដោយសារមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ដែលបានវាយប្រហារមកលើជំរំស្នាក់នៅ និងបានបោកបក់ឲ្យរសាត់ទៅឆ្ងាយទៀតផង ៕

To Top