ព័ត៌មានអន្តរជាតិ

តួកគី អំពាវនាវឲ្យស៊ីរី ធ្វើឲ្យទំនាក់ទំនងទ្វេភាគី មានភាពប្រក្រតីឡើងវិញ ដើម្បីសន្ដិភាព

AFP

អ៊ីស្តង់ប៊ុល៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានឲ្យដឹងថា តួកគី បានចេញការអំពាវនាវកម្រិតខ្ពស់មួយ សម្រាប់ការធ្វើឱ្យមានលក្ខណៈធម្មតានូវទំនាក់ទំនង ជាមួយប្រទេសស៊ីរី ដោយបញ្ជាក់ពីសារៈសំខាន់បំផុតរបស់ខ្លួន និងបង្ហាញក្តីសង្ឃឹម សម្រាប់ការឆ្លើយតប ជាវិជ្ជមានពីប្រទេសស៊ីរី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ រួមជាមួយការបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan Al Saud នៅទីក្រុង អ៊ីស្តង់ប៊ុល លោក Fidan បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលស៊ីរីនឹងទទួលស្គាល់ ការអំពាវនាវរបស់តួកគី សម្រាប់សន្តិភាព។

លោកបានកត់សម្គាល់ថា “បរិយាកាសបច្ចុប្បន្ន នៅក្នុងតំបន់ផ្តល់អាទិភាពដល់សន្តិភាព និងស្ថិរភាព។ មានកម្លាំងរុញច្រានយ៉ាងខ្លាំងក្លា ជំរុញឱ្យយើងបន្តស្វែងរកសន្តិភាពយ៉ាងសកម្ម” ដោយបានគូសបញ្ជាក់ ពីការអំពាវនាវកម្រិតខ្ពស់ដ៏សំខាន់របស់ប្រធានាធិបតីតួកគី សម្រាប់សន្តិភាព។

លោក​បាន​សង្កត់​ធ្ងន់​ថា “ការ​អំពាវនាវ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​សង្ឃឹម​ថា​វា​នឹង​មាន​ប្រតិកម្ម​និង​ទទួល​បាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កន្លងមក ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានសង្កត់ធ្ងន់ថា គ្មានហេតុផលណា ដែលមិនត្រូវស្តារទំនាក់ទំនង ជាមួយស៊ីរីឡើងវិញនោះទេ ដោយបញ្ជាក់ថា “ដូចដែលយើងធ្លាប់បាន សហការគ្នាក្នុងការជំរុញទំនាក់ទំនងរបស់យើងជាមួយស៊ីរី យើងនឹងបន្តរួមគ្នាក្នុងលក្ខណៈស្រដៀងគ្នានេះ”។

បន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមស៊ីវិលស៊ីរីក្នុងខែមីនា ឆ្នាំ២០១១ ទំនាក់ទំនងរបស់ប្រទេសតួកគីជាមួយប្រទេសស៊ីរី កាន់តែតានតឹងខ្លាំង ហើយទីក្រុងអង់ការ៉ា បានចងសម្ព័ន្ធភាពជាមួយក្រុមប្រឆាំង ជាច្រើនប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី៕
ប្រែសម្រួល ឈូក បូរ៉ា

To Top