ព័ត៌មានជាតិ

ប្រឡងប្រកួតប្រជែង យកសមត្ថភាពពិតប្រាកដ និងស្មើភាព សម្រាប់មន្ត្រីជាប់កិច្ចសន្យា គ.ជ.ប.

ភ្នំពេះ៖ ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈលេខាធិការរដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតចំនួន ១២។

ក្នុងឱកាសអញ្ជើញជាកិត្តិយស កាត់កញ្ចប់វិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីជាន់កិច្ចសន្យារយៈពេលខ្លី នៅមណ្ឌលរាជធានីភ្នំពេញ លោក ហ៊ឺ រ៉ុង អគ្គលេខាធិការរង គ.ជ.ប.និងជាប្រធានអនុគណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់មណ្ឌលខេត្តកណ្តាល និងរាជធានីភ្នំពេញ បានបញ្ជាក់ថា មន្ត្រីដែលមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ ត្រូវបានជ្រើសរើសឱ្យបំពេញការងារសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ តាមរយៈការចូលរួមការប្រឡងប្រកួតប្រជែង យកសមត្ថភាពពិតប្រាកដ និងស្មើភាព សំដៅធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូនល្អ។

លោក ហ៊ឺ រ៉ុង ក៏បានសង្កត់ធ្ងន់ថា គ.ជ.ប. យកចិត្តទុកដាក់ខ្ពស់លើការជ្រើសរើសមន្ត្រីឱ្យបំពេញការងារនៅតាម

លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពការងារ។

សូមជម្រាបជូនថា សម្រាប់មណ្ឌលប្រឡងរាជធានីភ្នំពេញ តម្រូវការជ្រើសរើសបេក្ខជនសរុបចំនួន ៣៣ រូប តាមមុខតំណែងដូចខាងក្រោម៖

–  គ្រូបង្ហាត់        ចំនួន ២៨រូប

–  លេខាធិការ        ចំនួន ១រូប

–  ការីកុំព្យូទ័រ        ចំនួន ១រូប

–  អ្នកបើកបររថយន្ត      ចំនួន ១រូប

–  ជំនួយការគណនេយ្យ      ចំនួន ១រូប

–  ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម  ចំនួន ១រូប៕

To Top