ព័ត៌មានអន្តរជាតិ

ជប៉ុន កំពុង​រៀបចំ​ផ្តល់​កម្ចី​ ៣,៣ ពាន់​លាន​ដុល្លារ​ក្នុង​ក្រុម G7 សម្រាប់​អ៊ុយក្រែន

KYODO

តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសជប៉ុនកំពុងរៀបចំ ផ្តល់ប្រាក់កម្ចីចំនួន ៣,៣ ពាន់លានដុល្លារដល់អ៊ុយក្រែន ដែលជាផ្នែកនៃការគាំទ្រ ដែលត្រូវបានផ្តល់ ដោយសមាជិក ក្រុមប្រទេសទាំង៧ ដោយប្រើការប្រាក់ពីទ្រព្យសម្បត្តិ អធិបតេយ្យភាពរបស់រុស្ស៊ី ដែលជាប់គាំងជាផ្នែក នៃទណ្ឌកម្មរបស់ពួកគេ ចំពោះការលុកលុយរបស់ទីក្រុងម៉ូស្គូ លើអ្នកជិតខាងរបស់ខ្លួន។

សមាជិក G7 បាននិងកំពុងសម្របសម្រួល ពីរបៀបបញ្ចេញជំនួយ បន្ទាប់ពីមេដឹកនាំរបស់ពួកគេបានយល់ព្រម ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់ពួកគេនៅក្នុងប្រទេសអ៊ីតាលី កាលពីខែមិថុនា ដើម្បីផ្តល់ប្រាក់សរុបចំនួន ៥០ពាន់លានដុល្លារ សម្រាប់គាំទ្រដល់អ៊ុយក្រែន ដែលស្ថិតនៅក្រោមការឈ្លានពានដោយរុស្ស៊ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។

ប្រភពបានឱ្យដឹងថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងផ្តល់ជំនួយចំនួន ២០ពាន់លានដុល្លារ ខណៈដែលប្រទេសជប៉ុន អង់គ្លេស និងកាណាដា គ្រោងនឹងចែករំលែកចំនួន ១០ ពាន់លានដុល្លារដែលនៅសល់ ក្នុងនោះ G7 មានបំណងចាប់ផ្តើមគម្រោងនេះនៅចុងឆ្នាំនេះ។

ប្រភពបានឲ្យដឹងថា ប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី ទំនងជាមិនចូលរួមក្នុងកម្មវិធីផ្តល់ប្រាក់កម្ចីសម្រាប់ពេលបច្ចុប្បន្ននេះទេ ដោយសារសហភាពអឺរ៉ុប មានផែនការគាំទ្រស្រដៀងគ្នានេះរួចទៅហើយ។

ប្រភពបានឲ្យដឹងទៀតថា រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 និងប្រធានធនាគារ កណ្តាល បានត្រៀមខ្លួន ដើម្បីពិភាក្សាអំពីបញ្ហានេះ នៅពេលដែលពួកគេប្រមូលផ្តុំគ្នា នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នៅចុងខែនេះ នៅខាងក្រៅកិច្ចប្រជុំជាមួយសមភាគី របស់ពួកគេមកពីក្រុមនៃប្រទេស សេដ្ឋកិច្ចទាំង ២០។

កិច្ចព្រមព្រៀងប្រាក់កម្ចីត្រូវបានវាយប្រហារ ចំពេលមានការព្រួយបារម្ភអំពី “ភាពទនលខ្សោយរបស់អ៊ុយក្រែន” ជាមួយនឹងការសង្ស័យ បន្តអំពីរយៈពេល ដែលសហរដ្ឋអាមេរិក និងដៃគូ ដែលមានគំនិតដូចគ្នា អាចឈរជាមួយគ្នាក្នុងការផ្គត់ផ្គង់អាវុធដល់ទីក្រុងគៀវ និងជួយប្រទេសនេះ ឱ្យកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានបំផ្លាញឡើងវិញ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top