ព័ត៌មានជាតិ

សម្ដេចធិបតី ឲ្យធនាគារជាតិ សិក្សាករណីលុយដុល្លារចាស់ ឬដាច់បន្ដិចបន្តួច ដើម្បីកុំឲ្យលំបាកចាយវាយ

រូបភាព ៖ ម៉ៅ ដារ៉ាត

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការណែនាំធនាគារជាតិនៃកម្ពុជា ត្រូវសិក្សាជាមួយវិស័យឯកជន ក្នុងករណីលុយដុល្លារចាស់ ឬដាច់បន្ដិចបន្តួច ដើម្បីកុំឲ្យប្រជាពលរដ្ឋពិបាកចាយ ឬប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរ។

នាឱកាសអញ្ជើញជាអធិបតី បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប នាថ្ងៃ១៨ កក្កដា សម្ដេចធិបតីមានប្រសាសន៍ ពីការលំបាករបស់ពលរដ្ឋខ្មែរ ក្នុងការចាយវាយលុយដុល្លារ ក្នុងករណីមានការដាច់រហែក ឬក៏ចាស់ ។ ដោយសម្តេចហ៊ុន ម៉ាណែត បានណែនាំធនាគារជាតិទម្លាក់លក្ខខណ្ឌមួយចំនួន ចំពោះការចាយវាយក្រដាសប្រាក់ដុល្លារ ដែលមានភាពទក់ ឬមានស្នាមតិចតួច ដើម្បីផ្តល់ភាពងាយស្រួលដល់ការ ចាយវាយរបស់ភ្ញៀវទេសចរបរទេស និងពលរដ្ឋជាដើម។

សម្ដេចធិបតីបន្តថា «សូមឲ្យធនាគារពាណិជ្ជ ធនាគារឯកជន ចូលរួមផង អារឿងលុយដុល្លារពិបាកយក អាហឹ្នងវាពិបាក (លុយរហែក) បើថាលុយវាក្លែងក្លាយចុះ អាហ្នឹងរឿងមួយ បើលុយវាខ្ទេចខ្លាំងវារឿងមួយ ប៉ុន្ដែពេលខ្លះយើងដាក់លក្ខខណ្ឌកំណត់តិចពេក គ្រានតែដាច់តិច មិនឲ្យយក កាត់ទឹក ដ៏ចឹងវាលំបាក កន្លែងលក់គាត់យកអត់បាន ពេលទៅដូរធនាគារ ធនាគារកាត់ទឹក ។ ចឹងគាត់ត្រូវកាត់ទឹកឲ្យភ្ញៀវ ចឹងភ្ញៀវរអ៊ូថា លុយហេតុអីក៏មកចាយក៏លំបាកម៉េស។ ឥឡូវ ខ្ញុំ សូមឲ្យធ្វើម៉េចលោកជំទាវ (លោកស្រី ជា សិរី ប្រធានធនាគារជាតិ) ធ្វើការជាមួយធនាគារ ហើយសុំធនាគារពាណិជ្ជយោគយល់»។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ត្រូវធ្វើយ៉ាងណាបង្កការងាយស្រួល ដល់ភ្ញៀវទេសចរបរទេស ព្រោះជាការងារសំខាន់ សម្រាប់ជួយវិស័យទេសចរណ៍ ដោយត្រូវទទួលបដិសណ្ឋារកិច្ចឲ្យបានល្អ ជាពិសេសនៅពេលភ្ញៀវចុះពីយន្តហោះចូលព្រលាន ៕

To Top