ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដាក់ចេញចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ បន្តពីសម្តេចតេជោ ហ៊ុន សែន គឺដើម្បីសម្រេចក្តីសុបិន ដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ។
នាឱកាសអញ្ជើញ ចូលរួមជាគណៈអធិបតីជាមួយ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាព នៃការងារព័ត៌មាន និងនាំពាក្យ» នៅសាលាខេត្តបាត់ដំបង លោក ប៉ែន បូណា ពន្យល់ថា បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដ៏គួរឲ្យរន្ធត់តក់ស្លុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រជាពលរដ្ឋខ្មែរ គ្រប់រូបប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាព និងក្នុងសង្គមជឿនលឿនមួយ ដូចបណ្តាប្រទេសអភិវឌ្ឍន៍ លើសកលលោកដែរ។ ហើយអ្នកដែលអាចធ្វើឲ្យក្តីសុបិននេះបានសម្រេច គឺមានតែរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាតែមួយគត់។
លោកបន្ដថា នេះគឺជាហេតុផលដែលប្រជាពលរដ្ឋខ្មែរ ផ្តល់សេចក្តីទុកចិត្តដល់គណបក្ស ប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាលរហូតមក។ ដើម្បីសម្រេចគោលដៅនេះ ការដ្ឋានមួយក្នុងចំណោមការដ្ឋាន ដ៏សំខាន់បំផុតដែលមិនអាចមើលរំលង បានគឺការប្រយុទ្ធប្រឆាំង ជាមួយព័ត៌មានក្លែងក្លាយ និងប្រសិទ្ធភាពនៃការផ្តល់ព័ត៌មាន ពិតជូនប្រជាពលរដ្ឋ។
នាឱកាសនោះដែរ លោក សុខ លូ បានវាយតម្លៃខ្ពស់ចំពោះដំណើការរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានខំជំរុញការលើកទឹកចិត្ត ណែនាំដល់អ្នកនាំពាក្យនៅ តាមបណ្តាអង្គភាពនានា ឲ្យចេះផ្សព្វផ្សាយព័ត៌មានពិត និង ត្រូវបកស្រាយឲ្យបានច្បាស់ ក្នុងការឆ្លើយតបទៅនឹងព័ត៌មាន ក្លែងក្លាយ បំផ្លើសបំភ្លៃនានា ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រង ផ្សព្វផ្សាយព័ត៌មាន និងនាំពាក្យ កាន់តែប្រសើរឡើង។
លោកថា ប្រសិនបើអាជ្ញាធរ រដ្ឋបាលថ្នាក់មូលដ្ឋាន ឃុំ/សង្កាត់ ក្រុង និងខេត្ត បានធ្វើសមិទ្ធផលច្រើន ប៉ុន្តែមិនបានផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋបានដឹងលឺនោះ គឺមានន័យថា «យើងមិនបានធ្វើដូច្នោះដែរ»។
ទន្ទឹមនឹងនេះ លោក ប៉ែន បូណា បានថ្លែងកោតសរសើរដល់អភិបាលខេត្តបាត់ដំបង បានសហការជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បង្កើតឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹងប្រសិទ្ធភាពក្រុមការងារព័ត៌មាន និង អ្នកនាំពាក្យក្រោមរដ្ឋបាលខេត្តទាំងមូល សំដៅធ្វើយ៉ាងណាការពារកុំឲ្យព័ត៌មាន ក្លែងក្លាយមករារាំងដំណើរឈានទៅសម្រេចក្តីសុបិន ដ៏ធំបំផុតមួយរបស់ប្រជាពលរដ្ឋខ្មែរ ពោលគឺការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ស្របតាមគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ៕