ព័ត៌មានអន្តរជាតិ

លោក ម៉ាក្រុង ទទួលយកការលាលែងពីតំណែង របស់នាយករដ្ឋមន្ត្រី និងសុំឱ្យលោកបន្ដតំណែង ជាប្រធានគណៈរដ្ឋមន្រ្តីចាំផ្ទះ

Xinhua

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានទទួលយកការលាលែងពីតំណែង របស់នាយករដ្ឋមន្ត្រីលោក Gabriel Attal ប៉ុន្តែបានស្នើឱ្យលោកបន្ត ធ្វើជាប្រធានគណៈរដ្ឋមន្ត្រីចាំផ្ទះ រហូតដល់ការបង្កើតរដ្ឋបាលថ្មីមួយ។

ក្នុងនាមជាប្រធានគណៈរដ្ឋមន្ត្រីចាំផ្ទះ លោក Attal និងក្រុមរដ្ឋាភិបាលរបស់លោក អាចត្រួតពិនិត្យតែប្រតិបត្តិការធម្មតា នៃការគ្រប់គ្រង និងធ្វើអន្តរាគមន៍ក្នុងករណីមានអាសន្ន។  រដ្ឋាភិបាលចាំផ្ទះមិនអាចផ្តួចផ្តើមគម្រោង ឬច្បាប់ថ្មីបាននោះទេ។  ដោយ​សារ​ស្ថានការណ៍​នយោបាយ​ មិន​ច្បាស់​លាស់​នា​ពេល​បច្ចុប្បន្ន វា​មិន​អាច​ត្រូវ​គេ​ទម្លាក់​ចោល​ដោយ​ការ​បោះ​ឆ្នោត​។

លោក Attal បានដាក់ពាក្យលាលែង ពីតំណែងរបស់លោកទៅលោក ម៉ាក្រុង កាលពីថ្ងៃទី០៨ ខែកក្កដា បន្ទាប់ពីគណបក្សកាន់អំណាចបរាជ័យ ក្នុងការទទួលបានសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតនីតិបញ្ញត្តិ ប៉ុន្តែក្រោយមក លោក ម៉ាក្រុង បានស្នើឱ្យលោកបន្តកាន់តំណែង សម្រាប់ពេលបច្ចុប្បន្ន ដើម្បីធានាស្ថិរភាពរបស់ប្រទេស។

ប្រធានាធិបតីបារាំង បានប្រកាសរំលាយរដ្ឋសភានៅថ្ងៃទី៩ ខែមិថុនា ហើយបានអំពាវនាវឱ្យមានការបោះឆ្នោតនីតិបញ្ញត្តិថ្មី បន្ទាប់ពីសម្ព័ន្ធគណបក្ស Renaissance របស់លោកបានរងការបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប។

នៅក្នុងការបោះឆ្នោតនីតិប្បញ្ញត្តិពីរជុំ ដែលធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៧ ខែកក្កដា សម្ព័ន្ធភាពកណ្តាលរបស់លោក ម៉ាក្រុង បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ជាមួយនឹងអាសនៈចំនួន ១៦៣ ដោយតាមពីក្រោយសម្ព័ន្ធភាព របស់គណបក្សឆ្វេងនិយម គឺរណសិរ្សប្រជាប្រិយភាពថ្មី (NFP) ដែលទទួលបានសំឡេងភាគច្រើនទាក់ទងគ្នាជាមួយនឹង ១៨២ អាសនៈ នៅរដ្ឋសភាដែលមានសមាជិក ៥៧៧ រូប។

សម្ព័ន្ធអ្នកឈ្នះនៃការបោះឆ្នោតនីតិបញ្ញត្តិ NFP មិនទាន់អាចស្នើបេក្ខភាពធ្វើជា នាយករដ្ឋមន្ត្រីបន្ទាប់បាននោះទេ។ អនុប្រធានគណបក្សប្រមូលផ្តុំជាតិលោក Sebastien Chenu បានឲ្យដឹងថាស្ថានភាពនេះ គឺជាសញ្ញាមួយ ដែល NFP មិនទាន់ត្រៀមខ្លួនជាស្រេច ដើម្បីគ្រប់គ្រងប្រទេសជាតិឡើយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top