ព័ត៌មានជាតិ

បង្គោល «ស្លាកមហាវិថី Xi Jinping» ចំណងដៃខួបកាទូត៦៦ឆ្នាំកម្ពុជា-ចិន

ភ្នំពេញ៖ បង្គោលស្លាក«មហាវិថីXi Jinping»ត្រូវបានរៀបចំពិធីជាផ្លូវការ នៅថ្ងៃទី១៩ ខែកក្កដានេះ ដែលចំថ្ងៃបង្កើតខួបលើកទី៦៦ឆ្នាំ នៃទំនាក់ទំនងកាទូតកម្ពុជា-ចិន(១៩ កក្កដា ១៩៥៨- ១៩កក្កដា ២០២៤)។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា និង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី នៅក្នុងពិធី នារង្វង់មូលនៃផ្លូវក្រវាត់ក្រុងទី៣ រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់កម្ពុជា ក្រុមហ៊ុនសំណង់សៀងហៃ ក្រុមហ៊ុនប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

លោក Wang Wenbin បានលើកឡើងថា ការប្រសិទ្ធនាមឈ្មោះ មហាវិថី Xi Jinping បង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណី ដែលមិនអាចបំបែកបាន រវាងចិននិងកម្ពុជា។ 

លោកមានប្រសាសន៍ទៀតថា កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងចិននិងកម្ពុជានឹងបន្តបើកស្ថានការណ៍ថ្មី និងសម្រេចបានលទ្ធផលថ្មី។

«ជានិមិត្តរូបថា ប្រជាជនចិន និងកម្ពុជា កាន់ដៃគ្នា យ៉ាងស្អិតរមួត បន្តឆ្ពោះទៅមុខ ជានិច្ច នូវមិត្តភាពប្រពៃណី ដែលបង្កើតឡើងដោយអ្នកដឹកនាំជំនាន់មុនៗ។ ប្រទេសទាំងពីរនឹងជំរុញការប្តេជ្ញាចិត្ត និងកម្លាំងដ៏រឹងមាំ ដើម្បីជំរុញទំនាក់ទំនងចិន-កម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង។ ឯកឧត្តមជឿជាក់ថា រាជធានីភ្នំពេញ​ នឹងបន្តបញ្ចេញនូវភាពរស់រវើក និងភាពរស់រវើកជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៃឧបទ្វីបខាងត្បូង កណ្តាល និងក្នុងតំបន់អាស៊ីអាគ្នេយ៍»

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា​ បានមានប្រសាសន៍ថា មហាវិថី Xi Jinping គឺជាសក្ខីភាពថ្មីមួយ បន្ថែមទៀត រវាងកម្ពុជានិងចិន ដែលបានបង្កប់នូវអត្ថន័យ នៃទំនាក់ទំនងទ្វេភាគីជាប្រវត្តិសាស្ត្រ យូរអង្វែង។

ក្នុងនាមរដ្ឋាភិបាលកម្ពុជា លោក ស៊ុន ចាន់ថុល សូមចូលរួមអបអរសាទរ និងស្វាគមន៍ចំពោះវត្តមានរបស់ លោក Wang Wenbin ដែលទើបត្រូវបានតែងតាំង​ ជាឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំកម្ពុជា។ លោកសង្ឃឹមថា លោក Wang Wenbin នឹងបន្តផ្តល់កិច្ចសហការ​ ជួយអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា និងបន្តពង្រឹងចំណងមិត្តភាពដែកថែប ឲ្យកាន់តែស្អិតរមួតនិងខ្លាំងក្លាថែមទៀត។

លោកបញ្ជាក់ថា ការប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី Xi Jinping បង្ហាញពីកត្តាញូតាធម៌ និងដឹងគុណ ដល់ប្រជាជននិងរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយយ៉ាងច្រើន ដល់កម្ពុជា ជាពិសេស ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ប្រធានរដ្ឋចិន Xi Jinping ដែលបានផ្តល់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជា។

សូមបញ្ជាក់ថា នាពេលនោះដែរ លោក Wang Wenbin និង លោក ស៊ុន ចាន់ថុល រួមនឹងមន្ត្រីសំខាន់ៗ បានដាំដើមឈើ នៅក្បែរនឹងបង្គោលស្លាកមហាវិថី Xi Jinping ទុកជាអនុស្សាវរីយ៍ ទៀតផង៕

To Top