ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតចិនកោតសរសើរ ស្វាយចន្ទីរបស់កម្ពុជា មានរសជាតិឆ្ងាញ់ជាងគេ

ភ្នំពេញ៖ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា និងបានសាកនូវរសជាតិផលិតផលកសិផលរបស់កម្ពុជា លោក វ៉ាង វិនពិនឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបង្ហាញការចាប់អាម្មរណ៍ និងកោតសរសើរចំពោះរសជាតិស្វាយចន្ទីរបស់កម្ពុជា មានរសជាតិឆ្ងាញ់ជាងគេ ក្នុងចំណោមស្វាយចន្ទី ដែលលោកធ្លាប់បានបរិភោគ។

ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិន និងកម្ពុជា
និងការអបអរសាទរការចូលកាន់តំណែងរបស់លោកជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា នារាត្រីថ្ងៃទី១៩ ខែកក្កដា
ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ជ្រោយចង្វារ លោកឯកអគ្គរដ្ឋទូតចិនរូបនេះ បានលើកឡើងថា កិច្ចព្រមព្រៀងសេរីលើវិស័យពាណិជ្ជកម្មរវាងចិន និងកម្ពុជា បាននាំមកនូវផលប្រយោជន៍ជាច្រើន ក្នុងនោះអង្ករ ចេក ស្វាយ របស់កម្ពុជា ជាដើម សុទ្ធតែមានគុណភាពល្អ ហើយកំពុងមានលើទីផ្សារប្រទេសចិន។

បន្ថែមលើនេះ លោក វ៉ាង វិនពិន បានលើកឡើងថា “ខ្ញុំបានទៅផ្សារទំនើប នៅភ្នំពេញ ហើយបានពិសារស្វាយចន្ទីរបស់កម្ពុជា ពិតជាឆ្ងាញ់ខ្ញុំអាចនិយាយថា នេះជាស្វាយចន្ទីដែលឆ្ងាញ់ជាងគេ ប្រសិនបើនិយាយអំពីស្វាយចន្ទីដែលខ្ញុំធ្លាប់បានសាក”៕

To Top