បរទេស៖ ទីបញ្ជាការកណ្ដាល របស់សហរដ្ឋអាមេរិក បាននិយាយនៅពេលថ្មីៗនេះថា កងទ័ពសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដែលបញ្ជូនទៅតំបន់មជ្ឈិមបូព៌ា នឹងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ចំនួន១៤ថ្ងៃ ដើម្បីចៀសវាង ការដាក់បន្ទុកមិនចាំបាច់ ទៅឲ្យអគារពេទ្យ ស្របពេលមានការផ្ទុះឆ្លងកូរ៉ូណាវីរុស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការកណ្ដាល បាននិយាយប្រាប់ដូច្នេះថា “ការដាក់ឲ្យនៅដាច់ដោយឡែកនេះ នឹងតម្រូវសម្រាប់បុគ្គលិក សេវាកម្មទាំងរបស់ អាមេរិកនិងសម្ព័ន្ធមិត្ត មិនចំពោះថា ពួកគេមកពីទីណានោះទេ ហើយយើងកំពុងតែធ្វើការងារ ជាមួយកងកម្លាំងចម្រុះទាំងអស់ ដើម្បីធានាឲ្យបានថា ការដាក់ឲ្យនៅដាច់ដោយឡែកនោះ ត្រូវបានធ្វើឡើង ដោយអនុលោម តាមគោលការណ៍ណែនាំ របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ របស់សហរដ្ឋអាមេរិក”។
ក្រៅពីនេះ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ទីបញ្ជាការបញ្ជូនកងទ័ព ក៏នឹងធ្វើការងារ ជាមួយទីបញ្ជាការកណ្ដាល សហរដ្ឋអាមេរិក ដើម្បីធានាថា កងទ័ព ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ក្នុងអំឡុងពេលចូល ទៅក្នុងតំបន់មជ្ឈិមបូព៌ា៕ ប្រែសម្រួល៖ប៉ាង កុង