ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម រៀបចំច្បាប់បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីធានាសង្គតភាព និងភាពអនុលោមរបស់ប្រតិបត្តិករធុរកិច្ច

រូបភាព៖ ក្រសួងពាណិជ្ជកម្ម

ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា ក្រសួងបានរៀបចំច្បាប់បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាច្រើនដែលក្នុងនោះ ច្បាប់កំពុងស្ថិតក្នុងសុពលភាពអនុវត្ត ដើម្បីធានាបាននូវសង្គតភាព និងភាពអនុលោមរបស់ប្រតិបត្តិករធុរកិច្ច ។

ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី “ការលើកកម្ពស់កិច្ចសហការសម្រាប់ការ អនុវត្តប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព” នាថ្ងៃ២៣ កក្កដា លោកស្រីរដ្ឋមន្ត្រីបង្ហាញក្តីសង្ឃឹមថាសិក្ខាសាលាថ្នាក់ជាតិនេះ នឹងបង្កើនការយល់ដឹងដល់គ្រប់ភាគីអ្នកចូលរួមឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត លើក្របខណ្ឌច្បាប់និងគោលនយោបាយសុវត្ថិភាពម្ហូបអាហារ តាមរយៈកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍ពីវាគ្មិនជាតិនិងអន្តរជាតិ លើប្រធានបទដែលពាក់ព័ន្ធ។

លោកស្រីរដ្ឋមន្ត្រីគូសបញ្ជាក់ថា ជាងពេលណាៗទាំងអស់ ប្រធានបទសុវត្ថិភាពម្ហូបអាហារនេះ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាបញ្ហាសំខាន់ទី១ ក្នុងចំណោមអតុល្យភាពទាំង១២ ដែលត្រូវយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយដែលគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាពសុវត្ថិភាពម្ហូបអាហារ (ចាប់ពីកសិដ្ឋាន ដល់កន្លែងបរិភោគ) ត្រូវសហការនិងផ្ដល់ព័ត៌មានដល់គ្នា ដើម្បីសម្រួលដល់ការធ្វើផែនការនិងរៀបចំកម្មវិធីជាតិសម្រាប់ការអនុវត្តនិងការវិភាគ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមាននៅគ្រប់ខ្សែច្រវាក់ផលិតកម្មម្ហូបអាហារ និងធានាថារាល់គោលការណ៍ណែនាំស្តីពីសុវត្ថិភាពម្ហូបអាហារត្រូវបានអនុវត្ត និងផ្សព្វផ្សាយជាសាធារណៈ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់។

ថ្លែងទៅកាន់អង្គពិធីរដ្ឋមន្ត្រីពាណិជ្ជកម្ម បានលើកឡើងថា «ក្រសួងពាណិជ្ជកម្ម បានរៀបចំច្បាប់ បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាច្រើនដែលក្នុងនោះ ច្បាប់កំពុងស្ថិតក្នុងសុពលភាពអនុវត្ត ដើម្បីធានាបាននូវ សង្គតភាព និងភាពអនុលោមរបស់ប្រតិបត្តិករធុរកិច្ច ព្រមទាំងបំពេញតាមកាតព្វកិច្ចរបស់កម្ពុជាជាសមាជិកអង្គការតំបន់ និងអន្តរជាតិ មានជាអាទិ៍៖ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ និងច្បាប់សំខាន់ៗជាច្រើនទៀតផងដែរ»។

ជាមួយគ្នានោះដែរលោកស្រីរដ្ឋមន្ត្រី បានចែករំលែកគំនិតបំផុសយោបល់មួយចំនួន ៖

(១). ពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ «ចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ ដើម្បីអាចធានាបាននូវសន្តិសុខស្បៀងអាហារនិងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក

(២). ការអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ រឹតតែដើរតួនាទីសំខាន់ក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាព ក្នុងការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវ “កិច្ចព្រមព្រៀងស្ដីពីវិធានការអនាម័យនិងភូតគាមអនាម័យ” របស់អង្គការ WTO

(៣). ភាពចាំបាច់ក្នុងការធានាបានថា វិធានការនានាពាក់ព័ន្ធគុណភាព សុវត្ថិភាព ជាពិសេស វិធានការ SPS មិនត្រូវបានអនុវត្តក្នុងលក្ខណៈ រើសអើងដោយគ្មានយុត្តិកម្ម ឬ ភ័ស្តុតាងបែបវិទ្យាសាស្រ្តនិងការវាយតម្លៃហានិភ័យត្រឹមត្រូវ ឬជាវិធានការរឹតត្បិតពាណិជ្ជកម្មអន្តរជាតិបែបបំភាន់ ដែលអាចប៉ះពាល់ដល់សន្តិសុខស្បៀងអាហារក្នុងតំបន់ និងសកលលោក និង

(៤). ការពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ គ្រង់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនកិច្ចប្រឹងប្រែងបន្ថែមទៀតផងដែរ ក្នុងការកាត់បន្ថយការបាត់បង់ស្បៀងអាហារ និងការខ្ជះខ្ជាយម្អូបអាហារ និងការគ្រប់គ្រងហានិភ័យដែលអាចកើតមាន តាមខ្សែចង្វាក់ផលិតកម្មកែច្នៃ និងវេចខ្ចប់ម្ហូបអាហារ ៕

To Top