ព័ត៌មានអន្តរជាតិ

ស្ថាប័នអ៊ីស្លាម ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល លើក្បួនរថយន្តអង្គការសហប្រជាជាតិ ដែលធ្វើដំណើរទៅកាន់ទីក្រុងហ្គាហ្សា

Photo: © @UNRWA

ហ្គាហ្សា៖ អង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាម (OIC) បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល លើក្បួនរថយន្តរបស់អង្គការសហប្រជាជាតិ ដែលធ្វើដំណើរទៅកាន់ទីក្រុងហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ស្ថាប័នអ៊ីស្លាមបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះបានបំពានច្បាប់អន្តរជាតិ និងដំណោះស្រាយ ដោយថ្កោលទោសការបន្តដកហូតរបស់កងទ័ពអ៊ីស្រាអែល ចំពោះជនស៊ីវិលប៉ាឡេស្ទីននូវអាហារ ទឹក ការថែទាំវេជ្ជសាស្រ្ត និងសេវាកម្មសំខាន់ៗផ្សេងទៀត។

ស្ថាប័ននេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់បទឈប់បាញ់លើការឈ្លានពានរបស់យោធាអ៊ីស្រាអែល ធានាការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយនិរន្តរភាពទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ប្រឈមមុខនឹងការប៉ុនប៉ងបង្ខំឱ្យផ្លាស់ទីលំនៅជនស៊ីវិលប៉ាឡេស្ទីន និងផ្តល់ការការពារដល់ប្រជាជនប៉ាឡេស្ទីន។

លោក Philippe Lazzarini អគ្គស្នងការនៃទីភ្នាក់ងារផ្តល់ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃចន្ទថា ការបាញ់ប្រហារយ៉ាងធ្ងន់ធ្ងរបានផ្ទុះឡើងពីកងកម្លាំងអ៊ីស្រាអែល នៅលើក្បួនរថយន្តរបស់អង្គការសហប្រជាជាតិ ដែលធ្វើដំណើរទៅកាន់ទីក្រុងហ្គាហ្សា កាលពីថ្ងៃអាទិត្យ។

លោកបានបន្ថែមថា “ខណៈពេលដែលមិនមានអ្នកស្លាប់ និងរបួស ក្រុមរបស់យើងត្រូវទាមទារកិច្ចការពារ” ដោយកត់សម្គាល់ថា ក្រុមទាំងនោះកំពុងធ្វើដំណើរក្នុងរថពាសដែករបស់អង្គការសហប្រជាជាតិ និងពាក់អាវកាក់របស់អង្គការសហប្រជាជាតិ ប៉ុន្ដែបែរត្រូវរងការវាយប្រហារទៅវិញ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top