ព័ត៌មានជាតិ

គ.ជ.ប. សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន   ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤  លទ្ធផលនៃការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី នៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ ព្រមទាំងពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤។


អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារតាមរបៀបវារៈ ម្តងមួយៗ  បន្ទាប់មក អង្គប្រជុំ គ.ជ.ប បានសម្រេចលើឯកសារទាំងនោះដូចខាងក្រោម៖

១.       បានកែសម្រួល និងឯកភាពជាគោលការណ៍លើឯកសារបោះពុម្ពផ្សាយ ចំនួន ៤មុខ សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ រួមមាន៖

–         ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប

–         សេចក្តីជូនដំណឹងស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

–         ខិត្តបណ្ណស្តីពីឯកសារសម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

–         កញ្ចប់ដាក់ឯកសារព័ត៌មាន (Press kits)។

២.      បានកែសម្រួល និងឯកភាពជាគោលការណ៍លើខ្លឹមសារអត្ថបទស្ប៉តវីដេអូអប់រំរឿង Dr. Vote សម្រាប់ផ្សព្វផ្សាយក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។

៣.      ឯកភាពលើលទ្ធផលនៃការប្រឡងជាប់ជាមន្ត្រីកិច្ចសន្យារយៈពេលខ្លី ចំនួន ៥៥០ រូប សម្រាប់បម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ ដែលការប្រឡងនោះបានប្រព្រឹត្តទៅនៅតាមរាជ ធានីខេត្ត ទាំង ២៥ កាលពីថ្ងៃទី ១៤ និងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ។  មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីទាំង ៥៥០ រូបនោះ នឹងត្រូវចូលបម្រើការងារទៅតាមមុខតំណែងនីមួយៗ នៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ ចាប់ពីថ្ងៃទី១ ខែសីហា ខាងមុខនេះ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដែលរួមមាន៖

•        គ្រូបង្ហាត់ទ្រឹស្តី

•        គ្រូបង្ហាត់ដែលអាចប្រើប្រាស់កុំព្យូទ័រច្បាស់លាស់

•        លេខាធិការ

•        ការីកុំព្យូទ័រ

•        ជំនួយការប្រតិបត្តិការ

•        ជំនួយការរដ្ឋបាល

•        ជំនួយការគណនេយ្យ

•        ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម

•        អ្នកបើកបររថយន្ត។

៤.       បានកែសម្រួលខ្លឹមសារ និងឯកភាពជាគោលការណ៍លើរបាយការណ៍ស្តីពី               ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី     ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤        ឆ្នាំ២០២៤៕

To Top