ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ចាប់ផ្តើមប្រមូលធាតុចូល ដើម្បីបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដំបូងនៅកម្ពុជា

ភ្នំពេញ៖ សិក្ខាសាលាមួយត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន រៀបចំឡើងនៅព្រឹកថ្ងៃទី២៤កក្កដានេះ នៅទីស្តីការក្រសួង ដើម្បីទទួលបានមតិយោបល់ ពីសមាគមអ្នកសារព័ត៌មាន និងវិស័យដែលធ្វើការងារទាក់ទង វិស័យសារព័ត៌មាននៅកម្ពុជា ដើម្បីបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សំដៅធានាបានលំហរនិងសន្តិសុខសារព័ត៌មាន នៅកម្ពុជា។

សូមបញ្ជាក់ថា កិច្ចពិភាក្សាលើសេចក្តីព្រាង “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នេះ សម្របសម្រួលផ្ទាល់ដោយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

បើយោងតាមរបៀបវរៈមានសមាគមចំនួន៧ មានឈ្មោះឡើងបញ្ចេញមតិយោបល់ ទៅលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នាព្រឹកនេះរួមមាន៖

១-) តំណាងអង្គការយូណេស្កូ ២-) ក្លឹបអ្នកកាសែតកម្ពុជា (CCJ) ៣-) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja) ៤-) សមាគមសារព័ត៌មានកម្ពុជា-ចិន ៥-) សមាគមសារព័ត៌មានអភិវឌ្ឍវិជ្ជាជីវៈសារព័ត៌មាន ៦-) សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ (MSJ) និង ៧-) មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ក្រុមការងារផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធើណេតក្រសួងព័ត៌មានថ្មីៗ អំពីភាពចាំបាច់ដែលកម្ពុជា ត្រូវតែមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះថា គឺដើម្បីអោយប្រទេសកម្ពុជា មានគោលការណ៍មួយរួម ស្តីពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន សម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ យកទៅអនុវត្ត ដើម្បីលើកកម្ពស់ការយល់ដឹង និងការអនុវត្តក្រមសីលធម៌រួម សំដៅលើកស្ទួយគុណតម្លៃគោលការណ៍គ្រឹះ នៃវិជ្ជាជីវៈសារព័ត៌មាន និងធានាសណ្តាប់ធ្នាប់ ក្នុងវិស័យព័ត៌មាននៅកម្ពុជា។

តម្រូវការធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ទៀត ក៏បានកើតឡើងស្របពេលដែលសង្គមកម្ពុជា និងពិភពលោកកំពុងប្រឈម នឹងការវិវត្តឥតឈប់ឈរ នៃបច្ចេកវិទ្យាទំនើប ដែលរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ ដើម្បីធានាលំហនិងសន្តិសុខព័ត៌មាន ឱ្យមានប្រសិទ្ធភាពស្របតាមសម័យកាល៕

To Top