ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិចិន ២នាក់ និងថ្នាំញៀនជាង ២០០គីឡូក្រាម

ភ្នំពេញ ៖ មន្ទីរប្រឆាំងគ្រឿនញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិចិន ២នាក់ និងថ្នាំញៀនជាង ២០០គីឡូក្រាម។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក មន្ទីរប្រឆាំងគ្រឿនញៀន។

នៅថ្ងៃទី២១ កក្ដដា កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំ និងសម្របសម្រួលដោយ លោក ខា ដែនណា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាល បានចុះស្រាវជ្រាវស៊ើបអង្កេត តាមដានមុខសញ្ញាស្ថិតនៅចំណុចផ្សារគគីរ ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយក៏ពន្លាតដែនដីមករាជធានីភ្នំពេញ រហូតមកចាប់ខ្លួនជនល្មើសម្នាក់ នៅចំណុចស្ពានកោះនរាណ៍ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បន្ទាប់មកកម្លាំងជំនាញបន្តឃាត់ខ្លួនបានជនល្មើសម្នាក់ទៀត នៅចំណុចផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនល្មើសទាំង២នាក់នេះរួមមាន ៖ ឈ្មោះ ថាវ វួយ (TAO WEI) ភេទប្រុស ជនជាតិចិន អាយុ៤១ឆ្នាំ, ឈ្មោះ ហ៊ើ សុងហ្វឹង (HE XIONGFENG) ភេទប្រុស ជនជាតិចិន អាយុ៤២ឆ្នាំ ដោយចាប់យកបាន រួមមាន៖ សារធាតុញៀនប្រភេទកេតាមីន (Ketamine) សរុបចំនួន ២០០៧៨៤.៩៣ក្រាម (២០០គីឡូ ៧៨៤.៩៣ក្រាម)។ រថយន្តចំនួន ២គ្រឿង និងទូរស័ព្ទដៃចំនួន២គ្រឿង។

សូមបញ្ជាក់ថា បច្ចុប្បន្នជនល្មើសទាំង២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូង ខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី៕

To Top