ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការជឿទុកចិត្តនិងគាំទ្រគ្នាទៅវិញទៅមក គឺជាទ្រព្យដ៏មានតម្លៃបំផុត មានលក្ខណៈពិសេសប្លែកបំផុត និងជាចំណុចអាទិភាពដ៏លេចធ្លោបំផុត សម្រាប់ទំនាក់ទំនងមិត្តភាព រវាងចិននិងកម្ពុជា។
នៅក្នុងវីដេអូឃ្លីបជិត១នាទី ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា «ទំនាក់ទំនងរវាងចិននិងកម្ពុជា ជាទំនាក់ទំនងរវាងប្រទេសនិងប្រទេសដែលមានលក្ខណៈមិនធម្មតា ប្រទេសយើងទាំងពីរជាចំណងមិត្តដែកថែប ការជឿទុកចិត្តនិងគាំទ្រគ្នាទៅវិញទៅមក គឺជាទ្រព្យដ៏មានតម្លៃបំផុត មានលក្ខណៈពិសេសប្លែកបំផុត និងជាចំណុចអាទិភាពដ៏លេចធ្លោបំផុត សម្រាប់ទំនាក់ទំនងមិត្តភាព រវាងចិននិងកម្ពុជា»។
លោកបន្ថែមថា អ្វីដែលលោកចង់ប្រាប់កម្ពុជា នោះគឺប្រទេសចិនតែងជាមិត្តពិតសម្រាប់កម្ពុជា ក្នុងការជឿទុកចិត្តគ្នា និងជាបង្អែកឱ្យគ្នា យើងនឹងបន្តបង្ហាញ ពីភាពស្មោះត្រង់បំផុត ខិតខំប្រឹងប្រែងបំផុត ក្នុងការសហការ ជាមួយមិត្តកម្ពុជា បន្តការពាររក្សានិងអភិវឌ្ឍន៍ ចំណងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជាឱ្យបានល្អ ដើម្បីឱ្យទំនាក់ទំនង ចិន-កម្ពុជាមានការអភិវឌ្ឍន៍ បន្ថែមទៀតក្នុងយុគសម័យថ្មី៕