ភ្នំពេញ៖ កូនត្រីប្រមាណ៥មឺុនក្បាល (ត្រីឆ្ពិន ២០ ០០០កូន ត្រីពលូង ៥ ០០០ ត្រីកាហែ ៥ ០០០ ត្រីអណ្ដែងទន់៥ ០០០ ត្រីប្រា១៥ ០០០) ត្រូវបានលែងនៅក្នុងប្រឡាយស្ដារភូមិព្រៃស្នួល ដែលមានទីតាំងស្ថិតនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក្រោមការដឹកនាំរបស់លោក ពុំ ស៊ីថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយករដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អាជ្ញាធរស្រុកសំរោង ព្រមទាំងមន្រ្តីថ្នាក់ឃុំ រួមទាំងប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា ការលែងកូនត្រីនេះ គឺជាលើកទី២ហើយ សម្រាប់អ្នកភូមិព្រៃស្នួល បន្ទាប់ពីប្រឡាយនេះត្រូវបានស្ដារ ដោយអាជ្ញាធរស្រុកសំរោង ពីមួយឆ្នាំទៅមួយឆ្នាំ ឱ្យកាន់តែធំ បញ្ជៀសការគោករាក់ នារដូវប្រាំង និងរក្សាទឹកទុកសម្រាប់ប្រើប្រាស់បង្ករបង្កើនផលដំណាំស្រូវ ជាពិសេសធ្វើជាកន្លែងអភិរក្សពូជត្រី សម្រាប់ទៅថ្ងៃអនាគតផងដែរ ។
ថ្លែងនៅក្នុងពិធីលែងកូនត្រី នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ពុំ ស៊ីថា បានលើកឡើងថា ការលែងកូនត្រីនេះ គឺធ្វើឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្អស់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា «ការលែងកូនត្រី មិនមែនធ្វើតែក្នុងទិវាមច្ឆជាតិ១ កក្កដា នោះទេ គឺអាចធ្វើបានរាល់ថ្ងៃ»។
ជាមួយគ្នានេះ លោកអគ្គនាយក ក៏បានសម្ដែងការសប្បាយរីករាយ ពេលសង្កេតឃើញ ប្រឡាយស្ដារព្រៃស្នួលមានសភាពកាន់ធំជាងមុន ជាពិសេសនោះ គឺប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន លែងនេសាទដោយឧបករណ៍ខុសច្បាប់។
ឆ្លៀតក្នុងឱកាសនេះ លោកក៏បាន អំនាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមថែរក្សា ការពារនិងអភិរក្សពូជត្រី ដែលមាននៅក្នុងប្រឡាយស្ដារមួយនេះ ឱ្យបានគង់វង្ស ជៀសវាងការនេសាទដោយឧបករណ៍ ខុសច្បាប់នានា។
ជំនួសមុខឱ្យអ្នកភូមិព្រៃស្នួល លោក សយ សុភាព បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំរដ្ឋបាលជលផល ដែលបានអញ្ជើញនាំយកកូនត្រីមកលែងជាលើកទី២ ។
ជាមួយគ្នានេះ លោក សយ សុភាព បានប្រាប់ដល់អ្នកនេសាទ ថាចាប់ពីរដូវបិទនេសាទនេះតទៅ សូមបងប្អូនកុំមកនេសាទ ក្នុងប្រឡាយស្ដារព្រៃស្នួល រហូតដល់រដូវបើកនេសាទ នៅចុងឆ្នាំនេះ៕