ភ្នំពេញ: លោក អ៊ុង គង្គា និងលោកស្រី ជាំង ណាន តំណាងអង្គការសប្បុរសធម៌ខ្វនថឹម នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ បាននាំយកអំណោយជាម៉ាសុីនកុំព្យូរទ័រប្រើរួច ចំនួន២១គ្រឿង ឧបត្តម្ភជូនក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់លោក ទិត សុធាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកំពង់ស្វាយខេត្តកំពង់ធំ ក្នុងការបើកថ្នាក់បង្រៀនកុំព្យូទ័រ ជូនសិស្សានុសិស្ស នៅសាលារៀន ក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
លោករដ្ឋលេខាធិការ ទិត សុធា និងសមាជិកក្រុមការងាររបស់លោក បានផ្តល់ការសំណេះសំណាល ជាមួយតំណាងអង្គការសប្បុរសធម៌ខ្វនថឹម នាឱកាសទទួលនូវអំណោយម៉ាសុីនកុំព្យូទ័រប្រើរួចទាំងនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោក ទិត សុធា ក៏បានណែនាំដល់ភ្ញៀវអំពីស្ថានភាពរីកចំរើនគ្រប់វិស័យនៅក្នុងមូលដ្ឋាន ហើយទន្ទឹមនឹងនេះក៏នៅមានបញ្ហាខ្វះខាតមួយចំនួន ដែលក្រុមការងារកំពុងខ្នះខ្នែង ជួយដោះស្រាយផងដែរ។
លោក ទិត សុធា បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌របស់អង្គការសប្បុរសធម៌ ខ្វនថឹមនាពេលកន្លងមក ដែលបានបរិច្ចាគថវិកាជួយសាងសង់សាលារៀនមួយចំនួននៅទីជនបទក្នុងខេត្តកំពត និងខេត្តកំពង់ស្ពឺ បរិច្ចាគថវិកាជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា និងសកម្មភាពសប្បុរសធម៌ដ៏មានសារៈសំខាន់ជាច្រើនទៀត។
លោក អ៊ុង គង្គាបានជំរាបពីស្ថានភាពទូទៅរបស់អង្គការសប្បុរសធម៌ខ្វនថឹម ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃកាលពីឆ្នាំ២០២២។
លោកបន្តថា ខ្វនថឹមគឺការប្រមូលផ្តុំកំលាំងមនុស្សធម៌តូចៗ រួមគ្នាអោយធំអោយខ្លាំង ដើម្បីជួយដល់សង្គម ដែលបច្ចុប្បន្នអង្គការនេះមានសមាជិកប្រហែល១០០នាក់ ក្នុងនោះ សមាជិកភាគច្រើនជាពាណិជ្ជករមកពីប្រទេសចិន និងខ្លះទៀតជាពលរដ្ឋកម្ពុជាផងដែរ។
លោកថា ពួកគាត់មករកសុី វិនិយោគទុនបង្កើតរោងចក្រ កសិដ្ឋាន ការដ្ឋានសំណង់។ល។និង។ល។ ផ្តល់ការងារជូនប្រជាជនកម្ពុជា និងមានបំណងចូលរួមជួយអភិវឌ្ឍសង្គមកម្ពុជា តាមរយៈការចូលរួមលើកកំពស់សុខុមាលភាពប្រជាជន និងការអប់រំនៅទីជនបទ។ លោកថា អំណោយជាម៉ាសុីនកុំព្យូទ័រប្រើរួចទាំងនេះ គឺបានមកពីការបរិច្ចាគកុំព្យូទ័រប្រើប្រាស់ផ្ទាល់ខ្លួនរបស់សមាជិកមួយចំនួន ព្រោះចង់ចូលរួមបណ្តុះបណ្តាលអោយសិស្សនៅជនបទ បានរៀនកុំព្យូទ័រ ហើយក្លាយជាធនធានមនុស្ស នៅថ្ងៃអនាគតដែលអាចជួយសង្គមអោយកាន់តែរីកចំរើន។
លោក អ៊ុង គង្គាបានចាប់អារម្មណ៍យ៉ាងខ្លាំងអំពីស្ថានភាពសាលារៀនមួយចំនួននៅក្នុងមូលដ្ឋានឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដែលកំពុងខ្វះខាត ពិសេសអាគារសិក្សាសាលាបឋមសិក្សាតាប៉ោង ដែលចាស់ទ្រុឌទ្រោមនិងរងការខូចខាត បណ្តាលអោយសិស្សានុសិស្សខ្វះបន្ទប់រៀន ហើយត្រូវផ្លាស់ទៅរៀនជាបណ្តោះអាសន្ន នៅក្នុងទីអារាមក្បែរនោះ ។
លោកបានសំណូមពរអោយខាងគណៈគ្រប់គ្រងសាលានិងក្រុមការងាររាជរដ្ឋាភិបាលធ្វើការវាយតំលៃ និងប៉ាន់ស្មានខ្ទង់ចំណាយ ដើម្បីធ្វើការជួសជុលអាគារសិក្សានេះ ឡើងវិញ ហើយអង្គការសប្បុរសធម៌ខ្វនថឹ មនឹងជួយឧបត្ថម្ភលើការងារនេះ៕